ភ្នំពេញ៖ ស្ថានភាពអត្រាប្តូរប្រាក់មិនមានប្រែប្រួលខ្លាំង ជាការធ្វើឲ្យលំហូរសាច់ប្រាក់របស់កម្ពុជាមានលំនឹង ស្ថេរភាពល្អ និងជាផ្នែកមួយយ៉ាងសំខាន់សម្រាប់អ្នកប្រើប្រាស់ និងជាទំនុកចិត្តរបស់អ្នកវិនិយោគ ជាពិសេសការផ្តល់ភាពទាក់ទាញពីវិនិយោគិន ឲ្យមកបណ្តាក់ទុននៅក្នុងទីផ្សារព្រះរាជាណាចក្រកម្ពុជា។
លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្ពុជា និងជាអ្នកជំនួញនៅក្នុងអាជីវកម្ម ថ្លែងលើកឡើងនៅក្នុងកិច្ចសម្ភាសន៍ ជាមួយភ្នាក់អ្នកយកព័ត៌ BTV នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២ នេះថា តាមការសង្កេតមើលទីផ្សារប្តូរប្រាក់នៅកម្ពុជា ជាច្រើនឆ្នាំមកនេះ គឺមិនមានការប្រែប្រួលខ្លាំងនោះឡើយ ដោយរក្សាអតិផរណាលំនឹងប្រាក់រៀល និងប្រាក់ដុល្លារបានល្អប្រសើរ។
លោកឧកញ៉ា បន្តថា ទោះបីអត្រាប្តូរប្រាក់មានស្ថេរភាពល្អយ៉ាងណាក៏ដោយ ការគាំទ្រ និងរួមគ្នាប្រើប្រាស់រូបិយវត្ថុប្រាក់រៀល ត្រូវជំរុញឲ្យបានផុលផុសថែមទៀត។
ទាក់ទងរូបិយវត្ថុនេះ, លោក សុខ វឿន ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ថ្លែងថា ចំពោះការរក្សាស្ថេរ ភាពអត្រាប្តូរប្រាក់ល្អក្នុងរក្សាវែងបែបនេះ គឺមិនមែនជារឿងចៃដននោះឡើយ ពោលគឺបានកើតចេញពីការគិតគូរ និងយកចិត្តទុកដាក់ខ្ពស់ពីរាជរដ្ឋាភិបាល នឹងស្ថាប័នជំនាញ ជាពិសេសជាងនេះទៅទៀត វាជាការទាក់ទាញអ្នកវិនិយោគផងដែរ ។
សូមបញ្ជាក់ថា៖ ថ្មីៗនេះមន្រ្តីជាន់ខ្ពស់ធនាគារជាតិនៃកម្ពុជា បានបង្ហាញថា ដោយមានការដាក់ចេញនូវគោលនយោបាយជាច្រើន និងការជម្រុញលើកកម្ពស់ប្រាក់រៀលជាដើម ក្នុងរយៈពេល ២០ឆ្នាំ មកនេះ អត្រាប្តូរប្រាក់រៀល ធៀបនឹងដុល្លារ មានស្ថេរភាពល្អ ក្នុងរង្វង់មធ្យមជាង ៤ ០០០រៀល ក្នុងមួយដុល្លារ ពោលគឺដោយមានការប្រែប្រួលតិចតូច។
ជាក់ស្តែងថ្ងៃទី ០៦ខែកក្កដា ឆ្នាំ ២០២២ ធនាគារជាតិនៃកម្ពុជា បានបង្ហាញអត្រាប្តូរប្រាក់ផ្លូវការ គឺ ៤ ០៧៥ រៀល ក្នុងមួយដុល្លារអាមេរិក។ ដូច្នេះវត្តមានរបស់ប្រាក់រៀល គឺបានរួមចំណែកយ៉ាងសំខាន់ ក្នុងការស្តារ និងពង្រឹងភាពធន់នៃសេដ្ឋកិច្ច ជាពិសេសការបន្ធូរបន្ថយអត្រាការប្រាក់សម្រាប់ជំរុញការវិនិយោគ និងការប្រើប្រាស់ ក៏ដូចជាការផ្តល់សាច់ប្រាក់បន្ថែមដល់សេដ្ឋកិច្ចផងដែ ៕អត្ថបទ៖ សុន រ៉ាឌី