ភ្នំពេញ៖ ដីទួ អ្នកតារ៉ាញ ដែលជាទីគោរពសក្ការៈរបស់ប្រជាពលរដ្ឋ នៅក្នុងភូមិ ត្រូវបានអាជ្ញាធរខណ្ឌពោធិ៍សែនជ័យ លោក ប៉ាង លីដា អភិបាលរងខណ្ឌ ចុះទៅវាស់វែង កាលពីព្រឹកថ្ងៃទី០៦ខែ កក្កដា ឆ្នាំ២០២២ ដើម្បីកំណត់ទំហំអោយបានច្បាស់លាស់ ទុកអភិវឌ្ឍន៍ធ្វើជាសាលាបុណ្យដែលជាប្រយោជន៍សាធារណៈ។
ដីរួមនោះ ត្រូវបានប្រជាពលរដ្ឋ ឱ្យដឹងថា មានទំហំ ប្រមាណជិត២ពាន់ម៉ែត្រការ៉េ ស្ថិតនៅ ភូមិ ត្រពាំងថ្លឹងទី២ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ការចុះទៅវាស់វែងដីរួមសម្រាប់ធ្វើបុណ្យនេះ ធ្វើឡើងទៅតាមសំណើរ សុំអន្តរាគមន៍របស់មេភូមិ និងប្រជាពលរដ្ឋរស់នៅ ភូមិ ត្រពាំងថ្លឹង១,២,៣,៤ សង្កាត់ចោមចៅទី១ បន្ទាប់ពីដីរួមនោះមានអ្នកដែលមើលថែទាំ កាប់រានដើមឈើ ប៉ុនប៉ងធ្វើប្លង់រំលោភយក ធ្វើជាកម្មសិទ្ធិបុគ្គល។
តាមពាក្យស្នើសុំអន្តរាគមន៍ របស់ប្រជាពលរដ្ឋ ដែលមានស្នាមមេដៃ ចំនួន ១៤នាក់ បានឱ្យដឹងថា ទីតាំង ដីទួលអ្នកតារ៉ាញ ជាទីតាំងមួយ ដែលប្រជាពលរដ្ឋក្នុងសង្កាត់ចោមចៅទី១ តែងតែគោរពបូជានៅទីនោះ ពេលមានពិធីបុណ្យផ្សេងៗ។ ដូច្នេះយើងខ្ញុំទាំងអស់គ្នាជាមេភូមិ និងប្រជាពលរដ្ឋដែលរស់នៅ ក្នុងភូមិត្រពាំងថ្លឹង ១,២,៣,៤ សង្កាត់ចោមចៅទី១ សំណូមពរ ដល់រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ មេត្តាចាត់ក្រុមការងារចុះវាស់វែង និងពិនិត្យផ្ទៀងផ្ទាត់លើទីតាំងដីទួលអ្នកតា នេះ។ បន្ទាប់ពីមានការស្នើសុំកាលពីថ្ងៃ៣០ខែមិថុនា ឆ្នាំ ២០២២ ទើបអាជ្ញាធរខណ្ឌ រួមទាំងមន្រ្តីជំនាញដឹកនាំដោយលោក ប៉ាង លីដា អភិបាលរងខណ្ឌ ពោធិ៍សែនជ័យ បានចុះទៅមកវាស់វែងនៅពេលនេះ ។ទោះបីជាយ៉ាងណា គេពុំទាន់ដឹងថា ដីរួមនោះ មានទំហំប៉ុន្មានពិតប្រាកដឡើយ ។
តាមប្រជាពលរដ្ឋ បានឱ្យដឹងថា ដីនោះ ជាដីទួលរួម មានខ្ទមអ្នកតារ៉ាញ ដែល ប្រជាពលរដ្ឋគោរពបូជា តាំងពីសង្គមចាស់មកម្លេះ ដោយមានអ្នកភូមិ ៣នាក់ជាអ្នកមើលថែទាំ។ដើមឡើយ ដីនោះ មានដើមឈើធំ ៗ នៅកំឡុងឆ្នាំ ២០០០ អ្នកមើលថែ ម្នាក់ក៏បាននាំគ្នាកាប់ដើមឈើរាន ព្រៃ គោលបំណងប្រុងយកធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួន ហើយប្រជាពលរដ្ឋ ក៏បាននាំគ្នាតវ៉ារារាំងព្រោះដីនោះជាដីរួម ។ ដោយសារមានការប៉ុនប៉ងរំលោភ ដីរួមនោះមក ធ្វើជាកម្មសិទ្ធិ មេភូមិ ប្រជាពលរដ្ឋ ក៏បាននាំគ្នា ផ្តិតមេដៃ ស្នើសុំទៅរដ្ឋបាលខណ្ឌពោធិ៍សែន ចុះមកវាស់វែង ទុកជាសម្បត្តិសាធារណៈ។
តាមប្រជាពលរដ្ឋ បានអោយដឹងទៀតថា ដីរួមនេះ គ្មាននណា ម្នាក់មករំលោភយក បាននោះទេ ។ការចុះវាស់វែងនេះ ក្នុងគោលបំណង កំណត់ទំហំអោយបានច្បាស់ ដើម្បីធ្វើការអភិវឌ្ឍ ឈូសឆាយអោយបានស្អាតទុកធ្វើជាសាលាបុណ្យ(សាលាឆទាន) សម្រាប់ជាប្រយោជន៍ សាលាធារណៈ។
ក្រៅ ពីដីរួមទួលអ្នកតារ៉ាញ នេះ អាជ្ញាធរក៏បានចុះទៅវាស់វែងដីរួមមួយកន្លែង ទៀតនៅក្នុងដ្ឋាន សង្កាត់ខាងលើនេះ ដែលមានទំហំប្រមាណ ១២ម៉ែត្រគុណ ៣០ម៉ែត្រផងដែរ ៕ អត្ថបទ ៖ កុម្ភៈ




