ប្រណាំងកង់៖ កីឡាករប្រណាំងកង់ហូឡង់ Wout van Aert បានប្រជែងឈ្នះការដំណាក់កាលទី៤ នៃការប្រកួតប្រណាំងកង់លំដាប់ Grand Tour, Tour de France ដើម្បីពន្លាតការនាំមុខក្នុងតារាងជើងឯក។
ដំណាក់កាលទី៤ ដែលមានចម្ងាយផ្លូវ ១៧១.៥គីឡូម៉ែត្រ កីឡាកររបស់ក្រុម Jumbo Visma រូបនេះបានប្រជែងយ៉ាងស្វិតស្វាញនៅចំណុច ១០គីឡូម៉ែត្រចុងក្រោយដើម្បីមកដល់ទីព្រ័ត្រមុនគេប្រើពេល ៤ម៉ោង ១នាទី ៦វិនាទី។ លេខ២ ក្នុងដំណាក់កាលបានទៅកីឡាករប៊ែលហ្ស៊ិក Jasper Philipsen យឺតជាង ៨វិនាទី និងលេខ៣ កីឡាករបារាំង Christophe Laporte។
ក្រោយ ៤ដំណាក់កាលនេះ Wout van Aert បានពន្លាតការនាំមុខរបស់ខ្លួនក្នុងតារាងវេលារួមពីលើអ្នកលេខ២ កីឡាករប៊ែលហ្ស៊ិក Yves Lampaert ដល់ ២៥វិនាទី និងអ្នកលេខ៣ អ្នកការពារតំណែងជើងឯកសញ្ជាតិស្លូវេនី Tadej Pogacar យឺតជាង ៣២វិនាទី។ សំរាប់ដំណាក់កាលទី៥ ថ្ងៃពុធនេះមានចម្ងាយផ្លូវ ១៥៧គីឡូម៉ែត្រ៕
អត្ថបទ៖នាង សុភាវុធ