អាមេរិក៖ តំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិកលោកស្រី Katherine Tai បាននិយាយកាលពីថ្ងៃច័ន្ទថា ពាណិជ្ជកម្មអាមេរិកនឹងផ្អាកជាបន្ទាន់រាល់ទំនាក់ទំនង ជាមួយមីយ៉ាន់ម៉ាក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្ម និងវិនិយោគឆ្នាំ២០១៣ រហូតដល់ការត្រឡប់មកវិញនៃរដ្ឋាភិបាលជាប់ឆ្នោត តាមបែបប្រជាធិបតេយ្យ។

ថ្ងៃសៅរ៍កន្លងទៅគឺជាថ្ងៃបាតុកម្មដ៏បង្ហូរឈាមបំផុតនៅមីយ៉ាន់ម៉ា ចាប់តាំងពីរដ្ឋប្រហារយោធាថ្ងៃទី១ ខែកុម្ភៈដែលមានមនុស្សស្លាប់ចំនួន ១១៤នាក់បានស្លាប់។ មនុស្ស ៥នាក់ទៀតត្រូវបានសម្លាប់កាលពីថ្ងៃច័ន្ទ នៅពេលដែលហ្វូងមនុស្សរាប់ពាន់នាក់បានធ្វើបាតុកម្ម នៅតាមដងផ្លូវជាថ្មីម្តងទៀតប្រឆាំងនឹងយោធា ដែលបានវិលត្រឡប់មកកាន់អំណាចវិញបន្ទាប់ពីមួយទសវត្សរ៍។ លោកស្រី Tai បាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍មួយថា ការសម្លាប់របស់កងសន្តិសុខមីយ៉ាន់ម៉ា ទៅលើក្រុមបាតុករដោយស្ងៀមស្ងាត់រួមមាននិស្សិត កម្មករ និងមេដឹកនាំកម្មករ និងកុមារ បានធ្វើឲ្យមនសិការសហគមន៍អន្តរជាតិតក់ស្លុតយ៉ាងខ្លាំង។
លោកស្រី Tai ដែលបានស្បថចូលកាន់តំណែងកាលពីថ្ងៃទី១៨ ខែមីនាបាននិយាយថា "សកម្មភាពទាំងនេះគឺជាការវាយលុកដោយផ្ទាល់ ទៅលើដំណើរការឆ្ពោះទៅរកលទ្ធិប្រជាធិបតេយ្យ និងការខិតខំប្រឹងប្រែងរបស់ប្រជាជនមីយ៉ាន់ម៉ា ដើម្បីទទួលបានអនាគតប្រកបដោយសន្តិភាព និងវិបុលភាព៕
អត្ថបទ៖ សុខមាន