ភ្នំពេញ ៖ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ប្រេសិតពិសេសប្រធានអាស៊ាន ស្តីពីមីយ៉ាន់ម៉ា និងជារដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅចំពោះមុខអង្គទូតនានា ប្រចាំនៅកម្ពុជា បានថ្លែងថា រដ្ឋាភិបាលណៃពីដោ ក្រោមការដឹកនាំរបស់នាយឧត្តមសេនីយ៍ មីង អុងឡាំង បានយល់ព្រមបើកច្រកចរចារជាមួយក្រុមចលនាបះបោរនៅមីយ៉ាន់ម៉ា ដើម្បីស្វែងរកសន្តិភាពជូនជាតិនិងប្រជាជន។
ក្នុងឱកាសធ្វើសេចក្ដីរាយការណ៍សង្ខេប ឬ briefing ជូនអង្គទូត និងអ្នកសារព័ត៌មាន អំពីលទ្ធផលដំណើរទស្សនកិច្ចនៅមីយ៉ាន់ម៉ាលើកទី២ នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២នេះ ឯកឧត្តម ប្រាក់ សុខុន មានប្រសាសន៍ថា ដំណើរទស្សនកិច្ចនៅមីយ៉ាន់ម៉ាលើកទី២នេះ មានលទ្ធផលវិជ្ជមាន និងគួរឲ្យកត់សម្គាល់មួយចំនួន ក្នុងនោះបានជួបអ្នកពាក់ព័ន្ធច្រើនជាងមុននិងបានលើកប្រធានបទជាច្រើនយកមកពិភាក្សា ហើយបានបើកច្រកថ្មី ឈានទៅដល់ការចរចានយោបាយ។
ឯកឧត្តមបន្តថា ពីមុនគ្មានលទ្ធភាពណាមួយទាល់តែសោះ ក្នុងការចរចាជាមួយបុគ្គល ឬក្រុមទាំងឡាយណា ដែលក្រុមប្រឹក្សារដ្ឋចាត់ទុកថាជាក្រុមភេរវករ តែក្នុងអំឡុងទស្សនកិច្ចនោះ ភាគីរដ្ឋាភិបាលណៃពីដោ បានយល់ព្រមចរចារ ប៉ុន្តែត្រូវក្រុមទាំងនោះផ្លាស់ប្តូរផ្នត់គំនិត ដែលមានលក្ខខណ្ឌ ៣យ៉ាង ទី១.មិនមានបំណងបំផ្លាញរដ្ឋាភិបាល, ទី២.មិនមានបំណងមកជំនួសរដ្ឋាភិបាល និងទី៣.យករដ្ឋធម្មនុញ្ញឆ្នាំ២០០៨ ធ្វើជាមូលដ្ឋានក្នុងការចរចាសន្តិភាព ។
ឯកឧត្តម ប្រាក់ សុខុន បានបញ្ជាក់ថា បញ្ហានៅមីយ៉ាន់ម៉ា នឹងមិនធ្វើឲ្យអាស៊ានបែកបាក់គ្នានោះទេ ទោះបីមានដំណោះស្រាយខ្វែងគំនិតគ្នាខ្លះ តែអាស៊ាននៅតែខិតខំដោះស្រាយ និងគោលដៅចង់ឲ្យមីយ៉ាន់ម៉ាមានសុខសន្តិភាពដូចគ្នា តាមរយៈអនុវត្តអភិក្រមទាំង៥ ដែលអាស៊ានព្រមព្រៀងគ្នា កាលពីឆ្នាំ២០២១។
គួរបញ្ជាក់ថា ឯកឧត្តម ប្រាក់ សុខុន ក្នុងនាមជាប្រេសិតពិសេសប្រធានអាស៊ាន ស្តីពីមីយ៉ាន់ម៉ា បានអញ្ជើញធ្វើដំណើរទស្សនកិច្ចនៅប្រទេសមីយ៉ាន់ម៉ា ចាប់ពីថ្ងៃទី៣០ ខែមិថុនា ដល់ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២២ ដោយបានជួបពិភាក្សាជាមួយភាគីជម្លោះជាច្រើនដើម្បីដោះស្រាយបញ្ហាដែលកំពុងកើតឡើងនៅក្នុងប្រទេសមួយនេះ៕ អត្ថបទ ៖ បាន សុខរិទ្ធិ
