ភ្នំពេញ៖ វ៉ាក់សាំងការពារមេរោគកូវីដ១៩ ប្រភេទស៊ីណូហ្វាម ដែលជាជំនួយរបស់សាធារណរដ្ឋប្រជាមានិតចិន លើកទី២ចំនួន ៧០ម៉ឺនដូស នឹងដឹកមកដល់ប្រទេសកម្ពុជានៅវេលាម៉ោង៧ល្ងាចថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ស្អែកនេះ ខណៈកម្មវិធីផ្តល់ និងទទួលនឹងប្រព្រឹត្តិទៅក្រោមអធិបតីភាព សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា ជាមួយនិងលោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា។
វ៉ាក់សាំងស៊ីណូហ្វាម ចំនួន៧០ម៉ឺនដូស ដែលជាជំនួយលើកទីពីររបស់ចិននេះ មានចំនួន៣០ម៉ឺនដូសគឺសម្រាប់ចាក់ជូនដល់កងទ័ពកម្ពុជា និងក្រុមគ្រួសារ ហើយ៤០ម៉ឺនដូសទៀតសម្រាប់ផ្តល់ជូនដល់ក្រសួងសុខាភិបាលកម្ពុជា ខណៈជំនួយលើកទី១ ដែលមានចំនួន៦០ម៉ឺនដូសនោះបានកំពុងបន្តចាក់ជូនដល់កងទ័ពប្រកបដោយរលូន និងសុវត្ថិភាពរហូតមកដល់ពេលនេះ។
សូមបញ្ជាក់ថា ប្រទេសកម្ពុជាបានទទួលថ្នាំវ៉ាក់សាំងប្រភេទស៊ីណូហ្វាមចំនួន៦០ម៉ឺនដូសជាលើកដំបូងពីសាធារណៈប្រជាមានិតចិន កាលពីថ្ងៃទី៧ ខែកុម្ភៈកន្លងទៅនេះ ហើយបន្ទាប់មកនៅថ្ងៃទី២ ខែមីនា ប្រទេសកម្ពុជាបានទទួលវ៉ាក់សាំងកូវីដ១៩ របស់ក្រុមហ៊ុន AstraZeneca ដែលផលិតនៅប្រទេសឥណ្ឌា ចំនួន ៣២៤,០០០ដូស ពីមជ្ឈមណ្ឌលកូវ៉ាក់ (COVAX Facility) របស់អង្គការសុខភាពពិភពលោក(WHO)។
វ៉ាក់សាំងទាំងពីរប្រភេទ ដែលកម្ពុជាទទួលបានពីមិត្តចិន និងអង្គការសុខភាពពិភពលោកនេះ ត្រូវបានចាក់ជូនដល់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងមន្រ្តីរាជការស៊ីវិល និងបងប្អូនប្រជាពលរដ្ឋក្នុងគោលការណ៍ស្ម័គ្រចិត្តបានចំនួនជាង២៥ម៉ឺននាក់ ខណៈវ៉ាក់សាំងប្រភេទស៊ីណូវ៉ាក់ ដែលកម្ពុជាចំណាយលុយជាលើកដំបូងទិញរបស់ចិនចំនួន១.៥លានដូស ដែលបានដឹកមកដល់កម្ពុជានាថ្ងៃទី២៦នោះបានកំពុងចាត់ចែងយ៉ាងដុតដៃដុតជើងបំផុត របស់គណៈកម្មការចំពោះកិច្ចនៃការចាក់វ៉ាក់សាំងកូវីដ១៩ ដែល ដឹកនាំដោយលោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាលកម្ពុជា ខណៈវ៉ាក់សាំងនេះនឹងត្រូវធ្វើការចាក់ជូនដល់ពលរដ្ឋខ្មែរឲ្យអស់មួយលានដូសក្នុងមួយខែ ឬអាចលើសពីនេះទៅទៀតនោះ។
កាលពីថ្ងៃទី២៩ ខែមីនាម្សិលមិញនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសដាក់ចេញផែនការចាក់វ៉ាក់សាំងកូវីដ១៩ ឱ្យបានប្រមាណ១លានដូសក្នុងរយៈពេលមួយខែ ខណៈការចាក់ដោយទ្រង់ទ្រាយធំនេះ នឹងប្រព្រឹត្តិទៅទូទាំងប្រទេសនោះ។ ការប្រកាសដាក់ផែនការរបស់ប្រមុខរាជរដ្ឋាភិបាលនេះគឺស្របពេលដែលកម្ពុជាមានការផ្ទុះមេរោគកូវីដ១៩នេះ ចូលសហគមន៍ជាបន្តបន្ទាប់ និងបណ្តាលឲ្យមានអ្នកស្លាប់មួយចំនួនផងដែរនោះ។
ព្រឹត្តិការណ៍នៃការចាក់វ៉ាក់សំាងការពារមេរោគកូវីដ១៩ បានប្រព្រឹត្តិទៅប្រកបដោយសុវត្ថិភាព និងរលូននោះរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសទិញនូវវ៉ាក់សាំងការពារមេរោគកូវីដ១៩ ប្រភេទស៊ីណូវ៉ាក់នេះចំនួន៤លានដូសបន្ថែមទៀត និងកំពុងសិក្សាទិញនូវវ៉ាក់សាំងពីប្រទេសអាមេរិកមួយចំនួនទៀតផងដែរដើម្បីធ្វើយ៉ាងណាចាក់វ៉ាក់នេះ ជូនដល់បងប្អូនប្រជាពលរដ្ឋខ្មែរនៅក្នុងឆ្នាំ២០២១នេះ ឲ្យបានចំនួន១០លានដូសនោះ៕ អត្ថបទ៖ បាន ចក់