អ៊ុយក្រែន៖ អភិបាលខេត្ត Luhansk និង Donetsk បាននិយាយថា កងកម្លាំងរុស្ស៊ីកំពុងប្រើយុទ្ធវិធីកម្ទេចសល់តែផេះ ក្នុងការវាយរុលទៅមុខក្នុងប្រទេសអ៊ុយក្រែនភាគខាងកើត ដោយវាយកម្ទេចតំបន់លំនៅឋានជនស៊ីវិលដោយប្រើមីស៊ីល និងបំផ្លិចបំផ្លាញភូមិឋានទីក្រុងតូចធំជាច្រើនឲ្យក្លាយជាកម្ទេចថ្ម។

ក្រុមមន្ត្រីអ៊ុយក្រែនបាននិយាយកាលពីថ្ងៃពុធថា ការបាញ់ផ្លោងដោយមិនរើសមុខពីសំណាក់កងកម្លាំងរុស្ស៊ីរយៈពេលជាង ២៤ម៉ោងបានសម្លាប់ជនស៊ីវិល ៨នាក់ និងជាង ២៥នាក់រងរបួស។ ការិយាល័យប្រធានាធិបតីអ៊ុយក្រែនបានអះអាងថា ភាគច្រើននៃជនស៊ីវិលរងគ្រោះនៅក្នុងខេត្ត Donetsk ជាទីដែលកងទ័ពរុស្ស៊ីបានបង្កើនការវាយសន្ធាប់ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ។ អភិបាលខេត្ត Luhansk លោក Serhiy Haidai បានច្រានចោលកាលពីថ្ងៃពុធថា កងកម្លាំងរុស្ស៊ីពុំបានដណ្ដើមគ្រប់គ្រងខេត្តនេះទាំងស្រុង ដែលទីក្រុងចុងក្រោយ Lysychansk របស់ខេត្តនេះបានធ្លាក់ចូលក្នុងដៃរបស់កងកម្លាំងរុស្ស៊ីកាលពីថ្ងៃអាទិត្យ។ លោកថា ការវាយប្រហារដ៏ខ្លាំងក្លានៅតែបន្តនៅក្នុងភូមិនានាជុំវិញទីក្រុង Lysychansk។ អភិបាលក្រុងនីមួយៗនិយាយថា ពុំមានសុវត្ថិភាពទេនៅក្នុងទីក្រុង Mykolaiv និង Kharkiv ខណៈកងកម្លាំងរុស្ស៊ីព្យាយាមវាយសម្រុកក្នុងតំបន់ Donetsk៕
អត្ថបទ៖ សុខមាន