ចិន៖ ក្រសួងការបរទេសចិនបានអះអាងថា សហរដ្ឋអាមេរិក និងសម្ព័ន្ធណាតូបានធ្វើឲ្យសន្តិភាពពិភពលោកដើរថយក្រោយ ដោយការបង្កើតឲ្យមានជម្លោះ និងបំពក់ភ្នក់ភ្លើងសង្គ្រាមបម្រើឲ្យផលប្រយោជន៍អាត្មានិយមរបស់ទីក្រុង Washington លើការចំណាយអាយុជីវិតជនស៊ីវិលស្លូតត្រង់ទូទាំងពិភពលោក។
អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Zhao Lijian បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃពុធថា ប្រវត្តិសាស្ត្ររបស់អង្គការណាតូគឺចូលចិត្តបង្កើតជម្លោះ និងបំពក់ភ្លើងសង្គ្រាម ការបង្កើតសង្គ្រាម និងការសម្លាប់ជនស៊ីវិលស្លូតត្រង់តាមអំពើចិត្តសូម្បីតែសព្វថ្ងៃនេះក៏ដោយ។ ការពិតជាច្រើនបានបង្ហាញថា មិនមែនប្រទេសចិនទេដែលបង្កការគំរាមជាប្រព័ន្ធដល់ណាតូ ផ្ទុយទៅវិញណាតូខ្លួនឯងទេដែលតែងតែពង្រីកការគំរាមជាប្រព័ន្ធដល់សន្តិភាព និងសន្តិសុខពិភពលោក។ ការធ្វើអត្ថាធិប្បាយបែបនេះរបស់លោក Zhao មានឡើងមួយសប្ដាហ៍ បន្ទាប់ពីការលើកឡើងជាលើកដំបូងរបស់ណាតូដោយចង្អុលមុខដាក់ចិនថា ជាអាទិភាពយុទ្ធសាស្ត្រ និងជាការប្រជែងផលប្រយោជន៍លោកខាងលិច។
អគ្គលេខាធិការអង្គការសម្ព័ន្ធយោធាណាតូលោក Jens Stoltenberg បាននិយាយកាលពីថ្ងៃពុធសប្ដាហ៍មុនថា ប្រទេសចិនកំពុងបង្កើនកម្លាំងយោធារបស់ខ្លួនដ៏ធំរួមទាំងអាវុធនុយក្លេអ៊ែរ ការសម្លុតគំរាមប្រទេសជិតខាងរបស់ខ្លួន និងគំរាមកំហែងកោះតៃវ៉ាន់ តាមដាន និងគ្រប់គ្រងពលរដ្ឋខ្លួនឯងតាមរយៈបច្ចេកវិទ្យាទំនើប និងជួយផ្សព្វផ្សាយការភូតកុហករបស់រុស្ស៊ី និងការផ្សាយព័ត៌មានមិនពិត។ ភាពតានតឹងរវាងណាតូ និងចិនបានរីកកាន់តែធំចាប់តាំងពីរុស្ស៊ីបើកការវាយប្រហារដោយយោធាចូលអ៊ុយក្រែនកាលពីថ្ងៃទី២៤ ខែកុម្ភៈ។ ទីក្រុងប៉េកាំងដែលបានច្រានចោលក្នុងការចូលរួមយុទ្ធនាការដាក់ទណ្ឌកម្មដឹកនាំដោយសហរដ្ឋអាមេរិក និងធ្វើឲ្យរុស្ស៊ីឯកាជុំវិញជម្លោះបានលើកឡើងថា អង្គការណាតូបង្កឲ្យមានវិបត្តិនេះ៕
អត្ថបទ៖ សុខមាន