បាល់ទាត់៖ ការប្រកួតពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន លើកទី១៥ (ថ្នាក់ខេត្ត) ឆ្នាំ២០២១ សប្ដាហ៍ទី៦ នៅសល់ ១ប្រកួតប៉ុណ្ណោះ គឺជំនួបរវាងក្រុមសូហ្វីយ៉ាប៉ៃលិនជាមួយក្រុម ស.ស.យ.ក ខេត្តបាត់ដំបង ខណៈ ៧គូផ្សេងទៀតត្រូវបានលើកពេល ដោយសារការរីករាលដាលខ្លាំងនៃជំងឺកូវីដ-១៩។

សម្រាប់ក្រុមសូហ្វីយ៉ាប៉ៃលិននឹងត្រូវជម្រះបញ្ជីក្រុម ស.ស.យ.ក ខេត្តបាត់ដំបង នាវេលាម៉ោង ៣រសៀលថ្ងៃទី៣១ ខែមីនាស្អែកនេះនៅទីលានវិទ្យាល័យ នេត យ៉ង់ ខេត្តបាត់ដំបងដដែល ដ្បិតកាលពីជើងទី១ ប៉ៃលិនបានប្រកួតចាញ់ខេត្តជាប់ព្រំប្រទល់ថៃដូចគ្នានេះ ដោយលទ្ធផល ៤-១។ បច្ចុប្បន្នប៉ៃលិនកំពុងឈរលេខ២ បណ្ដោះអាសន្នក្នុងពូល B ដោយមាន ៧ពិន្ទុនាំមុខក្រុម ស.ស.យ.ក ខេត្តបាត់ដំបង ១ពិន្ទុ ខណៈក្រុមទាំងពីរនៅសល់ ២ប្រកួតក្នុងដៃដូចគ្នា។ ដូច្នេះជំនួបជើងទី២ ស្អែកនេះគឺជាការប្រកួតដ៏សំខាន់ ដែលក្រុមទាំងពីរត្រូវការឈ្នះរៀងៗខ្លួនដើម្បីធានាកៅអីវគ្គបន្ដ។
ការប្រកួតនេះ បើសិនប៉ៃលិនឈ្នះ ពួកគេនឹងកក់កៅអីវគ្គ ១៦ក្រុមចុងក្រោយដោយស្វ័យប្រវត្តិ តែបើខេត្តបាត់ដំបងឈ្នះវិញ កៅអីវគ្គបន្ដរបស់ក្រុមទាំងពីរនឹងត្រូវរង់ចាំអ៊ុតលទ្ធផល ប្រកួតបញ្ចប់ពូលជាមួយខេត្តបន្ទាយមានជ័យ និងខេត្តពោធិ៍សាត់ ក៏ដូចជាការកំណត់ក្រុមចំណាត់ថ្នាក់លេខ៣ ល្អជាងគេផងដែរ៕
អត្ថបទ៖ លី ឈុនឡា