ភ្នំពេញ៖ មនុស្សយ៉ាងតិចចំនួន ៩៤២នាក់ បានស្លាប់បាត់បង់ជីវិត និងរងរបួសធ្ងន់ស្រាលចំនួន ២.២៣៥នាក់ នៅក្នុងរយៈពេលប្រាំមួយខែ ដើមឆ្នាំ២០២២នេះ បើប្រៀបធៀបនិងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២១កន្លងទៅ កើនឡើងរហូតដល់៣៤៨លើក ស្មើ២៨%។ មូលហេតុដែលបណ្តាលឱ្យគ្រោះថ្នាក់ច្រើនជាងគេគឺដោយសារតែល្មើសល្បឿន និងមិនគោរពសិទ្ធិជាដើម។ នេះបើយោងតាមរបាយការណ៍របស់អគ្គស្នងការរដ្ឋាននគរបាលជាតិ ដែលទូរទស្សន៍ BTVទទួលបាននាថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២២នេះ។
របាយការណ៍ បានបង្ហាញថា ស្ថានភាពគ្រោះថ្នាក់ចរាចរណ៍ចាប់ពីខែមករា ដល់ខែមិថុនា ឆ្នាំ២០២២នេះ បានកើតឡើងសរុប ១.៦០៩លើក ក្នុងនោះពេលយប់ ៥៧ភាគរយ បានបណ្តាលឲ្យស្លាប់៩៤២នាក់ និងរបួស២.២៣៥នាក់(ធ្ងន់១.៤២៩នាក់)។
របាយការណ៍ បានបញ្ជាក់ថា មូលហេតុបង្កគ្រោះថ្នាក់រួមមាន ល្មើសល្បឿន៣៨% បើកបរមិនគោរពសិទ្ធិ២៤% មិនប្រកាន់ស្តាំ១១% វ៉ាជែង១១% បត់១០% ស្រវឹង៣% កត្តាយាន២% និងងងុយ១% ។ ក្នុងចំណោមអ្នកស្លាប់ជាអ្នកជិះម៉ូតូចំនួន៨១% (៧៥៩/៩៤២នាក់) មានអ្នកមិនពាក់មួកសុវត្ថិភាពចំនួន៧៤%(៥៥៨/៧៥៩នាក់)។
របាយការណ៍ដដែល បានបន្ថែមទៀតថា គ្រោះថ្នាក់បានកើតឡើងច្រើននៅរាជធានីភ្នំពេញ ៤៥៨លើក ខេត្តកណ្ដាល ១១៧លើក និង ខេត្តព្រះសីហនុ ៩៧លើក។ ១.បើគិតក្នុងឆមាសទី១ ឆ្នាំ២០២២ ធៀបទៅនឹងឆមាសទី១ ឆ្នាំ២០២១ គ្រោះថ្នាក់ចរាចរណ៍កើន ៣៤៨លើក ស្មើ២៨% (១.៦០៩/១.២៦១) ចំនួនអ្នកស្លាប់កើន ២៣៣នាក់ ស្មើ៣៣% (៩៤២/៧០៩ន) និងចំនួនអ្នករបួសកើន ៤៤៣នាក់ ស្មើ២៥% (២.២៣៥/១.៧៩២ន)៕ អត្ថបទ៖ បាន ចក់