ភ្នំពេញ៖ ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រី្តក្រសួងសុខាភិបាល បានស្នើដល់ក្រសួង ស្ថាប័ន ប្រធានមន្ទីរសុខាភិបាលខេត្ត ម្ចាស់ជំនួយ តំណាងអង្គការជាតិ-អន្តរជាតិ ដៃគូអភិវឌ្ឍន៍ ប្តេជ្ញារួមគ្នាលុបបំបាត់ជំងឺគ្រុនចាញ់ ក្នុងឆ្នាំ២០២៥។
ការថ្លែងរបស់ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង យ៉ាងដូច្នេះក្នុងពិធីបើកកិច្ចប្រជុំផ្សព្វផ្សាយ និងកំណត់អាទិភាពស្តីពី និរន្តរភាពរបស់កម្ពុជាក្នុងការឆ្លើយតបនឹងជំងឺគ្រុនចាញ់ រយៈពេល០២ថ្ងៃ ចាប់ពីថ្ងៃទី៧-៨ ខែកក្កដា ឆ្នាំ២០២២។
ឯកឧត្តមរដ្ឋមន្រី្ត បានបន្តទៀតថា ប្រទេសកម្ពុជាមានផែនការលុបបំបាត់ជំងឺគ្រុនចាញ់គ្រប់ទម្រង់នៅឆ្នាំ២០២៥ ក្រោមការផ្តួចផ្តើមផ្ទាល់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី។ តាមរយៈនៃការប្រតិបត្តិអន្តរាគមន៍តាមផែនការយុទ្ធសាស្រ្តជាតិលុបបំបាត់ជំងឺគ្រុនចាញ់ឆ្នាំ២០១១-២០២៥ ព្រមជាមួយកិច្ចសហការគាំទ្រពីសំណាក់ដៃគូ និងម្ចាស់ជំនួយ គឺលទ្ធផលយើងទទួលបានជាវិជ្ជមានលើការកាត់បន្ថយចំនួនករណីពីជាង ១០០,០០០ នៅឆ្នាំ២០១០ មកនៅត្រឹមតែតិចជាង ១០,០០០នៅឆ្នាំ២០២១ និងគ្មានករណីស្លាប់រយៈពេល៤ឆ្នាំចុងក្រោយពីឆ្នាំ២០១៨ មក។
បើតាមលោកវេជ្ជបណ្ឌិត ហ៊ុយ រ៉េកុល ប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្រ្ត និងបាណកសាស្រ្ត បានឲ្យដឹងថា បច្ចុប្បន្ននេះ យើងឈានជិតដល់ការលុបបំបាត់ហើយ ប៉ុន្តែផ្លូវសម្រាប់កម្ពុជាឆ្ពោះទៅដល់ការលុបបំបាត់មិនមែនជាប្រការងាយស្រួលឡើយ។ ការប្រឈមនឹងបញ្ហាស៊ាំឱសថប្រឆាំងនឹងមេរោគគ្រុនចាញ់ និងការផ្តល់សេវាជូនសហគមន៍និងប្រជាជនដាច់ស្រយាលពិបាកចូលទៅដល់ គឺនៅតែមាននៅឡើយ។
ទន្ទឹមគ្នានៃបញ្ហាប្រឈមទាំងនេះ មជ្ឈមណ្ឌលជាតិប្រយុទ្ធនិងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្រ្ត និងបាណកសាស្រ្ត នៅតែប្តេជ្ញាចិត្តដោយព្យាយាមបំផុតបន្តធ្វើការជាមួយដៃគូរ រាជរដ្ឋាភិបាលរបស់យើង ដៃគូរសហគមន៍អន្តរជាតិ និងសង្គមស៊ីវិលក្នុងការកសាងកម្មវិធីលុបបំបាត់មួយដែលមានភាពជោគជ័យ។ សព្វថ្ងៃនេះ ក្រោមការចង្អុលបង្ហាញពី ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល មជ្ឈមណ្ឌលជាតិ បានមានក្របខ័ណ្ឌសកម្មភាពលុបបំបាត់ជំងឺគ្រុនចាញ់ (MEAF) មួយលំអិតដ៏ល្អសម្រាប់ឈានទៅលុបបំបាត់ជំងឺគ្រុនចាញ់ ហើយត្រូវបានគាំទ្រដោយដៃគូជាច្រើន ទាំងបណ្តាញរាជរដ្ឋាភិបាល សង្គមស៊ីវិល និងអង្គការអន្តរជាតិ ដែលភាគច្រើនកំពុងមានវត្តមាននៅទីនេះ។
លោកវេជ្ជបណ្ឌិត ក៏សូមថ្លែងអំណរគុណចំពោះ អង្គការសុខភាពពិភពលោក WHO, UNOPS, RSC, CHAI, URC, CRS, MC និងដៃគូជាតិ អន្តរជាតិ និងសង្គមស៊ីវិលផ្សេងៗទៀត ដែលបានបន្តគាំទ្រទាំងផ្នែកបច្ចេកទេស និងកម្មវិធី។ សង្ឃឹមយ៉ាងមុតមាំថា ការបន្តកិច្ចខិតខំប្រឹងប្រែង មានការទទួលខុសត្រូវខ្ពស់ និងចូលរួមគាំទ្រពេញលេញ គឺយើងនឹងសំរេចបានជោគជ័យ លើទិសដៅលុបបំបាត់ការចម្លងជំងឺគ្រុនចាញ់ ដោយមេរោគហ្វាល់ស៊ីប៉ារ៉ូម នៅឆ្នាំ២០២៣ និងគ្មានការចម្លងជំងឺគ្រុនចាញ់ គ្រប់ប្រភេទនៅឆ្នាំ២០២៥៕អត្ថបទ៖ រដ្ឋា
