ព្រះវិហារ៖ ក្រោយពីចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នារយៈពេល១៤ឆ្នាំមកនេះ ប្រាសាទព្រះវិហារ ត្រូវបានអភិវឌ្ឍន៍នូវហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ នៅជុំវិញប្រាសាទ ក៏ដូចជាការផ្ដល់នូវថវិកា ដើម្បីអភិរក្សដែលការងារ ទាំងនេះ មានការចូលរួមយ៉ាងផុលផុស ពីសំណាក់ថ្នាក់ជាតិ និងអន្តរជាតិ ។
ឯកឧត្ដម គង់ ពុទ្ធិកា អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានប្រាប់BTថា ចាប់តាំងពីឆ្នាំ២០០៦ រាជរដ្ឋាភិបាល ក្នុងមួយឆ្នាំចំណាយថវិកាចំនួន២លានដុល្លារ ដើម្បីបម្រើដល់ការងាររបស់អាជ្ញាធរជាតិព្រះវិហារ ហើយផ្ដល់នូវថវិកាសម្រាប់គម្រោងអភិរក្ស និងអភិវឌ្ឍន៍ ដោយផ្ទាល់ តាមរយៈមូលនិធិអង្គរ តាំងពីឆ្នាំ២០១៧ រហូតមកដល់បច្ចុប្បន្នសរុបប្រមាណ៥លាន ។
ឯកឧត្តម បានបន្តថា បន្ទាប់ពីប្រាសាទព្រះវិហារចុះបញ្ជីក្នុងបេតិកភណ្ឌពិភពលោកមក គឺមានការ ប្រឈមជាប្រមួយថៃ រហូតដល់ប៉ះទង្គិចគ្នាដោយអាវុធ កិច្ចការងារសំខាន់ ដែលរាជរដ្ឋាភិបាលធ្វើនៅពេលនោះ គឺបានបង្កើតនូវក្រុមការងារពិសេសថ្នាក់ជាតិមួយ ស្ថិតនៅក្រោមទីស្ដីការគណៈរដ្ឋមន្ត្រី ក្នុងការដឹកនាំរៀបចំប្រជាជននៅតំបន់ប្រឈមមុខគ្នាដោយអាវុធ រួមទាំងមានការអភិវឌ្ឍនូវទីតាំងថ្មី សម្រាប់ពលរដ្ឋទាំងអស់នោះ ហើយនៅឆ្នាំ២០១៤ រាជរដ្ឋាភិបាល បានបង្កើតយន្តការគណៈកម្មការអន្តរជាតិ ហៅកាត់ថា ICC ។
ឯកឧត្តម គង់ ពុទ្ធិកា បានបន្ថែមថា ចាប់តាំងពីបង្កើត ICC ព្រះវិហារនេះ កម្ពុជាទទួលបានជោគ ជ័យ ក្នុងការកៀរគរអន្តរជាតិ ចូលរួមអភិរក្ស ដោយក្នុងនោះប្រទេសប៊ែលហ្សិក បានជួយកសាងគេហទំព័រ ផ្ទុកឯកសារ និងការងារដោះមីននៅតំបន់ប្រាសាទ, អាមេរិក ជួយជួសជុលជណ្ដើរប្រាសាទខាងជើង, ឥណ្ឌា បានសម្រេចរួចហើយនូវកញ្ចប់ថវិកា ៥,៥លានដុល្លារ ជួសជុលគោបុរៈទី៥ ហើយរំពឹងថា ភាគីចិន ដែលជាសហប្រធានជាមួយឥណ្ឌា នឹងចាប់ផ្ដើមជួសជុលនូវគោបុរៈទី១ ទី២ និងទី៣ នៅពេលឆាប់ៗខាងមុខ ។
ប្រាសាទព្រះវិហារ ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៨ ដោយប្រាសាទដ៏ចំណាស់មួយនេះ មានអាយុកាល ១២២០ឆ្នាំ មានទីតាំងស្ថិតក្នុងភូមិស្វាយជ្រុំ ឃុំកន្ទួត ស្រុកជាំក្សាន្ត នៅលើខ្នងភ្នំដែងរែក ៕ អត្ថបទ បាន សុខរិទ្ធិ
