បន្ទាយមានជ័យ៖ សមាជិកក្រុមប្រឹក្សាសង្កាត់ប៉ោយប៉ែតម្នាក់ និងបក្សពួក២នាក់លួចដឹកមនុស្សឆ្លងដែនខុសច្បាប់តាមច្រករបៀង១កន្លែងផ្គើននឹងអនុសាសន៍របស់សម្តេចតេជោ នាយករដ្ឋមន្រ្តី ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះ ឃាត់ខ្លួនបានកាលពីព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ នៅច្រករបៀងមួយកន្លែងក្រោយផ្ទះរបស់ខ្លួនឋិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ។
តាមការឲ្យដឹងពីកម្លាំងសមត្ថកិច្ចចម្រុះ កងអាវុធហត្ថក្រុងប៉ោយប៉ែត នឹងកម្លាំងកងពលតូចថ្មើរជើងលេខ៥១ កម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៩១១ បានសហការណ៍បង្ក្រាបនៅនឹងផ្ទះជនសង្ស័យតែម្តងប៉ុន្តែខណៈពេលចុះបង្រ្កាបនោះដែរ ពលករទាំងនោះបាននាំគ្នារត់ឆ្ពោះទៅខាងភាគីថៃតែម្ដង នៅសល់តែមេខ្យល់ និងសម្ភារៈមួយចំនួនទើបឃាត់ខ្លួនបញ្ជូនទៅកាន់កងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដើម្បីធ្វើការសួរនាំបន្ត។
ដោយឡែកជនសង្ស័យដែលកម្លាំងចម្រុះឃាត់ខ្លួននោះរួមមាន៖
១-ឈ្មោះ យឹម នៅ ភេទប្រុស អាយុប្រហែល៤៧ឆ្នាំ មានតួនាទីជាសមាជិកក្រុមប្រឹក្សាសង្កាត់ប៉ោយប៉ែតរស់នៅភូមិសាមគ្គីមានជ័យ សង្កាត់-ក្រុងប៉ោយប៉ែត (ជាអ្នកដឹកមនុស្ស)។
២-ឈ្មោះ ចាន់ ណារ៉ុង ភេទប្រុស អាយុ៤០ឆ្នាំ បុគ្គលិកកាស៊ីណូ (ម្ចាស់ផ្ទះ) រស់នៅភូមិសាមគ្គីមានជ័យ សង្កាត់-ក្រុងប៉ោយប៉ែត ។
៣.ឈ្មោះ ដែង ជុំ ភេទប្រុស អាយុ៤៦ឆ្នាំ បុគ្គលិកកាស៊ីណូស្នាក់នៅភូមិក្បាលស្ពាន១ សង្កាត់-ក្រុងប៉ោយប៉ែត ។
ក្នុងហេតុការណ៍នោះដែរសមត្ថកិច្ចបានឲ្យដឹងថា ពេលដែលមានប្រជាពលរដ្ឋបានរាយការណ៍ភ្លាមៗនោះ ជនសង្ស័យបានធ្វើសកម្មភាពដាក់មនុស្សចូលរថយន្តនៅចំណុចក្រោយផ្ទះសំណាក់លីហួត លុះដល់ផ្ទះជនសង្ស័យក្បែរមាត់អូរព្រំដែននៅខាងជើងចុងស្រល ក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត បានធ្វើសកម្មភាពបញ្ជូនមនុស្សចេញទៅខាងទឹកដីថៃតែម្ដង។
សមត្ថកិច្ចបញ្ចាក់ថា អ្នកដែលជាមេខ្យល់លួចនាំឆ្លងដែននោះមានគ្នា៥នាក់ ទំនងជាជាតិថៃ ក្រោយពីឃាត់ខ្លួនសមត្ថកិច្ចបានដកហូតរថយន្តម៉ាកកាម៉ារីឆ្លាមពណ៌សមួយគ្រឿង ស្លាកលេខ ព្រះសីហនុ.2A.1354 និងកាបូបដាក់ខោអាវ២ ចង្ក្រានអគ្គីសនីមួយផងដែរ។
សមត្ថកិច្ចបានបញ្ជាក់ថា គេឃើញរថយន្តជនសង្ស័យខាងលើធ្វើដំណើរចេញចូលជាច្រើនលើកច្រើនសារតែមិនបានចាប់អារម្មណ៍ដោយសារអាងគាត់ជាសមាជិកក្រុមប្រឹក្សាសង្កាត់ ហើយផ្ទះរបស់គាត់នៅចំណុចកើតហេតុនោះផងដែរ៕ អត្ថបទ៖ ឃិន សារិទ្ធ

