ភ្នំពេញ៖ នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២២នេះ ចំថ្ងៃខួប១៤ឆ្នាំ នៃការដាក់ប្រាសាទព្រះវិហារ ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ដោយអង្គការUNESCO នៅទីក្រុងកេប៊ិច ប្រទេសកាណាដា។ បណ្តាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋានបង្ហាញការចងចាំជានិច្ច និងមានមោទនភាពចំពោះប្រមុខថ្នាក់ដឹកនាំរាជរដ្ឋាភិបាលបច្ចុប្បន្ន ដែលកាលនោះ បានខិតខំរៀបចំស្នើដាក់ប្រាសាទព្រះវិហារក្នុងបញ្ជីបេតិកភណ្ឌពិភពលោកស្ថានភាពមួយក្នុងស្ថានភាពតានតឹងបំផុតទទួលបានជោគជ័យ។
ពលរដ្ឋថ្លែងប្រាប់BTV នៅថ្ងៃទី៧ខែកក្កដានេះថា ការដាក់ប្រាសាទព្រះវិហារចូលក្នុងបញ្ជីសម្បតិ្តបេតិកភណ្ឌវប្បធម៌រូបីយនៃមនុស្សជាតិ របស់អង្គការUNESCO នោះ គឺពិតជាមានតម្លៃខ្លាំងណាស់សម្រាប់ជាតិខ្មែរទាំងមូល ជាពិសេសការនាំកេរ្តិ៍ឈ្មោះកិត្តិយសកម្ពុជាទៅលើពិភពលោក ធ្វើឲ្យពិភពលោកស្គាល់ពីកម្ពុជា និងការទាក់ទាញទេសចរ មនុស្សជាតិលើពិភពលោកមកទស្សនាកម្ពុជា ជាពិសេសប្រាសាទព្រះវិហារ។
ឯកឧត្តម តុប សុភ័ក រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងទេសចរណ៍ បានថ្លែងថា នៅថ្ងៃនេះក្រសួងទេសចរណ៍ ក៏សូមបង្ហាញពីមោទនភាពរាជរដ្ឋាភិបាលដាក់ប្រាសាទព្រះវិហារចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ខណៈចាប់ពីថ្ងៃចុះបញ្ជីនោះមក រាជរដ្ឋាភិបាលកម្ពុជា បានខិតខំប្រឹងអភិរក្ស អភិវឌ្ឍន៍ផ្លូវទៅកាន់ប្រាសាទព្រះវិហារ និងមានការរៀបចំកញ្ចប់ទេសចរណ៍ និងជម្រុញពលរដ្ឋទៅទស្សនាខេត្តព្រះវិហារ ខណៈគោលដៅទេសចរណ៍នៅខេត្តព្រះវិហារមានតំបន់ទេសចរណ៍ប្រណិតចំនួន ៥កន្លែង ក្នុងតំបន់ប្រាសាទព្រះវិហារ មានភាពទាក់ទាញខ្លាំងគេ។
បើតាមឯកឧត្តម គង់ ពុទ្ធិការ អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ ថ្លែងថា បន្ទាប់ពីរាជរដ្ឋាភិបាលប្រកាសបើកប្រទេសវិញមក ក្នុងរយៈពេល៦ខែ ឆ្នាំ២០២២នេះប្រាសាទព្រះវិហារបានទទួលភ្ញៀវទៅទស្សនាប្រមាណជាង ៦ម៉ឺននាក់ ក្នុងនោះទេសចរអន្តរជាតិ ១០៥៥នាក់ កើនឡើងបើធៀបរយៈពេលដូចគ្នាឆ្នាំ២០២១ ដែលមានត្រឹមប្រមាណ ៥ម៉ឺននាក់។
ឯកឧត្តម បន្តថា ក្នុងរយៈពេល១៤ឆ្នាំអាជ្ញាធរជាតិព្រះវិហារ បានបំពេញតួនាទីភារកិច្ចយ៉ាងសកម្ម ក្នុងការអភិរក្ស និងជុសជុលប្រាសាទ ដែលទទួលបានកញ្ចប់ថវិកាពីរាជរដ្ឋាភិបាលផង និងតាមយន្តការគណៈកម្មការសម្របសម្រួលអន្តរជាតិ ដើម្បីអភិរក្សប្រាសាទព្រះវិហារ ដែលមានប្រទេសចិន និងឥណ្ឌា ជាសហប្រធាន និងមានប្រទេសចំនួន ៧ទៀតជាសមាជិក រួមមាន៖ សហរដ្ឋអាមេរិក បារាំង ប៊ែលហ្សិក ជប៉ុន កូរ៉េខាងត្បូង និងប្រទេសថៃ បានចូលរួមគ្នាអភិរក្សប្រាសាទព្រះវិហារផងដែរ៕ អត្ថបទ ស៊ុម សុខជា

