ភ្នំពេញ៖ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (កយកា-KOICA) អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកម្ចាត់មីន និងសង្គ្រោះជនពិការ ដោយសារមីន (CMAA) និងអង្គការកម្មវិធីអភិវឌ្ឍន៍ របស់អង្គការសហប្រជាជាតិ (UNDP) និងសហគមន៍ម្ចាស់ជំនួយ បានបើកការប្រជុំសម្រាប់ពាក់កណ្តាលឆ្នាំ២០២២ របស់ក្រុមប្រឹក្សាភិបាលនៃ “គម្រោងបោសសម្អាតមីន ដើម្បីទទួលបានលទ្ធផលដំណាក់កាលទី៤(CFR-IV)-សកម្មភាពមីនសម្រាប់គម្រោងអភិវឌ្ឍន៍មនុស្ស” នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២២នេះ។
សូមបញ្ជាក់ថា “គម្រោងបោសសម្អាតមីន ដើម្បីលទ្ធផលដំណាក់កាលទី៤(CFR-IV)-សកម្មភាពមីនសម្រាប់គម្រោងអភិវឌ្ឍន៍មនុស្ស” គឺស្របតាមយុទ្ធសាស្ត្រជាតិ សកម្មភាពមីន(NMAS) របស់កម្ពុជា ហើយមានលទ្ធភាពខ្ពស់ក្នុងការរួមចំណែកដល់កម្ពុជា គ្មានមីន ដែលជាគោលដៅទី១៨ របស់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDG) ដែលកំណត់ដោយរដ្ឋាភិបាលកម្ពុជា ហើយកយកា-KOICA បាននឹងកំពុងជួយដល់សកម្មភាពបោសសម្អាតមីន នៅកម្ពុជា ដោយផ្តល់ថវិកាចំនួន ១០លានដុល្លារអាមេរិក ពីឆ្នាំ២០២១ ដល់ឆ្នាំ២០២៥។
កិច្ចប្រជុំនេះ ត្រូវបានធ្វើឡើងក្រោមអធិបតីភាពលោកស្រី ជី យៀក្យុង (Ms. Ji Yea Kyung) អនុប្រធានតំណាង នៃការិយាល័យ កយកា-KOICA ប្រចាំប្រទេសកម្ពុជា, ឯកឧត្ដម លី ធុជ ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១ អាជ្ញាធរមីន និងលោកស្រី Sonali Dayaratne អនុប្រធានតំណាង នៃកម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ (UNDP) ប្រចាំកម្ពុជា រួមជាមួយសហការីអាជ្ញាធរមីន និង យូអិនឌីភី និងមានការចូលរួមពីតំណាងមកពីនាយកដ្ឋានកិច្ចការបរទេស និងពាណិជ្ជកម្ម(DFAT) របស់ប្រទេសអូស្រ្តាលី ប្រទេសនូវែលហ្សេឡង់ និងមកពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជាផងដែរ។
កិច្ចប្រជុំនេះ គឺដើម្បីពិនិត្យ ទី១)-សមិទ្ធផលគម្រោងពីខែមករា ដល់ខែមិថុនា ឆ្នាំ២០២២, ទី២)-ការងារអាទិភាពសំខាន់ៗសម្រាប់ខែកក្កដា ដល់ខែធ្នូ ឆ្នាំ២០២២, ទី៣)-បញ្ហាប្រឈមក្នុងការអនុវត្តគម្រោង និងទី៤)-បច្ចុប្បន្នភាពហិរញ្ញវត្ថុជាដើម។
អ្នកចូលរួមទាំងអស់បានចូលរួមយ៉ាងសកម្មនៅក្នុងកិច្ចប្រជុំ និងចែករំលែកការយល់ដឹង និងយោបល់របស់ពួកគេលើប្រធានបទដែលបានលើកឡើង ដែលនាំឲ្យកិច្ចប្រជុំនេះបានទទួលលទ្ធផលជាផ្លែផ្កា៕អត្ថបទ៖ រដ្ឋា





