កំពង់ស្ពឺ៖ មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ស្ពឺ សហការជាមួយនឹងកម្មវិធីជាតិប្រយុទ្ធ នឹងជំងឺគ្រុនឈាម នៃក្រសួងសុខាភិបាល និងអាជ្ញាធរដែនដី ព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២២នេះ បានបើកយុទ្ធនាការអប់រំផ្សព្វផ្សាយស្តីពីការបង្ការទប់ស្កាត់ជំងឺគ្រុនឈាម ជូនដល់សិស្សានុសិស្សនៅក្នុងវិទ្យាល័យ កំពង់ស្ពឺ និងសាលាបឋមសិក្សាឯកភាព ស្ថិតក្នុងភូមិស្រីសំពោង ឃុំខ្ទុំក្រាំង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
យុទ្ធនាការខាងលើនេះ ដោយមានការចូលរួមពីលោកវេជ្ជបណ្ឌិត លាង ឬទ្ធា ប្រធានកម្មវិធីជាតិប្រយុទ្ធ នឹងជំងឺគ្រុនឈាម តំណាងអង្គការសុខភាពពិភពលោក(WHO) មន្ត្រីនៃមន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ យុវជនសភាពសហព័ន្ធយវុជនកម្ពុជាខេត្ត យុវជនកាកបាទក្រហមខេត្ត លោក លោកស្រី អាជ្ញាធរដែនដី លោក លោកស្រី ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ កំពង់ស្ពឺ និងមណ្ឌលសុខភាពក្រាំងព្នាយ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋប្រមាណជាង ១៥០នាក់ផងដែរ ។
បើតាមមន្ត្រីនៃមន្ទីសុខាភិបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងថា អត្រាអ្នកឆ្លងជំងឺគ្រុនឈាម មានការកើនឡើងហើយ បើគិតមកដល់ពេលនេះ ខណៈដែលមន្ទីរសុខាភិបាលខេត្ត នៅតែបន្តបើកយុទ្ធនាការអប់រំផ្សព្វផ្សាយស្ដីអំពី ជំងឺគ្រុនឈាម និងវិធីបង្ការ នៅតែបន្តធ្វើយ៉ាងសកម្ម នៅតាមមូលដ្ឋានសហគមន៍ក្នុងស្រុក-ក្រុង នៃខេត្តកំពង់ស្ពឺ ជាពិសេសនៅតំបន់ដែលមានការឆ្លងនូវជំងឺគ្រុនឈាមនេះ។
សូមបញ្ជាក់ផងដែរថា យុទ្ធនាការនេះខាងមន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ តែងតែអនុវត្តន៍គ្រប់បណ្តាស្រុក ក្រុង នៃខេត្តកំពង់ស្ពឺ ហើយបានផ្តោតលើចំណុចសំខាន់ៗដូចជា៖ ការផ្សព្វផ្សាយអំពីជំងឺគ្រុនឈាម វិធីបង្ការ ការពារ បំបាត់ជំរកមូសខ្លា, ករណីសង្ស័យត្រូវបញ្ជូនអ្នកជំងឺទៅកាន់មូលដ្ឋានសុខាភិបាល ដែលនៅជិតបំផុត, ការដាក់ថ្នាំអាបែតសម្លាប់ដង្កូវទឹក ក្នុងពាងទឹក អាងទឹក, ការបាញ់ថ្នាំសម្លាប់មូសខ្លា នៅតាមសាលារៀន មណ្ឌលសុខភាព លំនៅដ្ឋានប្រជាជន (គ្មានទឹកដក់ គ្មានដង្កូវទឹក គ្មានមូសខ្លា គ្មានជំងឺគ្រុនឈាម គ្រួសារមានសុខភាពល្អ)។ ការចុះយុទ្ធនាការនេះ មន្ទីរសុខាភិបាលខេត្ត បានផ្សព្វផ្សាយដល់ប្រជាពលរដ្ឋគ្រប់មូលដ្ឋាន ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះសុខភាព និងត្រូវបង្កើនការប្រុងប្រយ័ត្ន ចំពោះបញ្ហាជំងឺ គ្រុនឈាម ដែលកំពុងមានអាត្រាខ្ពស់ ដែលកើតមកលើមនុស្សគ្រប់វ័យ ហេតុនេះយើងទាំងអស់គ្នា ត្រូវចូលរួមធ្វើអនាម័យថែរក្សាបរិស្ថាន ដើម្បីកំចាត់ជម្រកមូសខ្លា ហើយត្រូវសំរាន្តក្នុងមុង ស្លៀកពាក់ខោអាវជើងវែង ដៃវែងជានិច្ច៕ អត្ថបទ រដ្ឋា








