ភ្នំពេញ៖ គណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា កំពុងរៀបចំចុះបញ្ជី «បង្គារក្រៀមកំពង់សោម» ជាម៉ាកសម្គាល់ភូមិសាស្រ្ត ក្នុងប្រទេសកម្ពុជា ដើម្បីជំរុញការផលិត លើកកម្ពស់ទីផ្សារក្នុងស្រុក និងនាំចេញ។
ឯកឧត្តម សួន វិជ្ជា ប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា និងជាប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា បានអញ្ជើញចូលរួមជាអធិបតីក្នុងសិក្ខាសាលាពិគ្រោះយោបល់ស្តីពី ការកំណត់ផលិតផលសក្តានុពលសម្រាប់កសាងកេរ្តិ៍ឈ្មោះម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ “បង្គារក្រៀមកំពង់សោម” កាលពីថ្ងៃទី៥ ខែកក្កដាកន្លងទៅ។
សិក្ខាសាលានេះ ក៏មានការចូលរួមពីតំណាងក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ផលិតករ និងអាជីវករទិញលក់បង្គារក្រៀមកំពង់សោម និងភាគីពាក់ព័ន្ធផ្សេងៗ សរុបចំនួនប្រមាណ ៣០រូប។
ឯកឧត្តម លើកឡើងថា ក្រសួងពាណិជ្ជកម្មបានខិតខំស្វះស្វែងរកអង្គការដៃគូអភិវឌ្ឍន៍ ដើម្បីសិក្សាលទ្ធភាពក្នុងការចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ ឬម៉ាកសមូហភាព លើវិស័យជលផលរួមមាន “បង្គារក្រៀមកំពង់សោម បង្គារក្រៀមកោះកុង និងប្រហុកត្រីសៀមរាប” ដែលជាផលិតផលជលផលរបស់ប្រទេសកម្ពុជា។
ឯកឧត្តម បានស្នើឱ្យអង្គការ UNIDO ពិនិត្យលទ្ធភាពរបស់ខ្លួនក្នុងការរៀបចំចុះបញ្ជី “បង្គារក្រៀមកំពង់សោម” ជាម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ ក្នុងប្រទេសកម្ពុជា។
ប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា បានថ្លែងអំណរគុណ និងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អង្គការ UNIDO និងគ្រប់ភាគីពាក់ព័ន្ធ ក្នុងការសិក្សាស្រាវជ្រាវ និងជំរុញផលិតផលនេសាទក្នុងប្រទេសកម្ពុជា ដើម្បីរៀបចំចុះបញ្ជីការពារជាម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ។
សូមបញ្ជាក់ថា គណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញានៃក្រសួងពាណិជ្ជកម្ម កន្លងមក បានចុះបញ្ជីផលិតផលសក្តានុពលមួយចំនួន ដូចជា ដូងខ្ជិះបាត់ដំបង ស្ករត្នោតកំពង់ស្ពឺ ទឹកឃ្មុំព្រៃមណ្ឌលគិរី និងផលិតផលសមូហភាពក្រូចថ្លុងក្រចេះជាដើម៕ អត្ថបទ៖ វណ្ណៈ