
ភ្នំពេញ៖ ក្នុងរយៈពេល ៥ឆ្នាំ គឺចាប់ពីឆ្នាំ២០១៧ ដល់ឆ្នាំ២០២១ គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ (គ.ប.ផ.ក) សហការជាមួយសមត្ថកិច្ចពាក់ព័ន្ធបង្ក្រាបបទល្មើសផលិតផលក្លែងក្លាយបានចំនួនជាង ៤០០ករណី ត្រូវបានរឹបអូស និងបំផ្លាញជាង ១ពាន់តោន ដែលស្មើនឹងទឹកប្រាក់ប្រមាណជាង ៥០លានដុល្លារអាមេរិក។
យោងតាមរបាយការណ៍ របស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ផ្ញើជូនសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហាញថា ក្នុងរយៈពេល៥ឆ្នាំនេះ គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បានបង្ក្រាបករណីឱសថ និង ផលិតផលវេជ្ជសាស្ត្រក្លែងក្លាយ អត់គុណភាព គ្មានស្ដង់ដារ និងខុសច្បាប់ជាច្រើនករណី។
របាយការណ៍បានបន្តថា ក្នុងនោះ ក៏មានបង្ក្រាបករណីផលិតផលគ្រឿងឧបភោគបរិភោគក្លែងក្លាយ និងខូចគុណភាព បារីក្លែងក្លាយ ផលិតផលប្រើប្រាស់ទូទៅក្លែងក្លាយ ការលួចចម្លង ការនាំចូលដោយគ្មានការអនុញ្ញាតពីស្ថានប័នជំនាញ គ្រឿងសម្អាងក្លែងក្លាយ ការកែសម្ផស្ស កែភេទខុសច្បាប់ ជាពិសេសឱសថប្រឆាំងជំងឺកូវីដ-១៩ ក្លែងក្លាយ អត់គុណភាព ក្រោមស្ដង់ដារ និងគ្មានច្បាប់អនុញ្ញាតក្រសួងសុខាភិបាល មិនបានឆ្លងកាត់មន្ទីរពិសោធន៍។
ប្រភពបន្ថែមថា ពាក់ព័ន្ធការបង្ក្រាបបទល្មើសក្លែងក្លាយនេះ មានបញ្ហាប្រឈមមួយចំនួន ក្នុងនោះ លិខិតបទដ្ឋានគតិយុត្តនានា និងនីតិវិធី ដែលមានចែងពាក់ព័ន្ធបទល្មើសរាល់បទល្មើសផលផលិត និងប្រភពផលិតផលក្លែងក្លាយ សម្រាប់យកអនុវត្តប្រសិទ្ធិភាពការងារនៅមានកម្រិតនីតិវិធី នៃការស៊ើបអង្កេត ស្រាវជ្រាវ និងចាត់វិធានការបង្ក្រាប ដែលមានការនាំចូលការផលិត ការស្ដុកទុក ការចែកចាយកំពុងចរាចរលើទីផ្សារនៅកម្ពុជាមានភាពស្មុគស្មាញប្រទាក់ក្រឡា និងមិនអាចមានភាពច្បាស់លាស់នៅឡើយ ដោយទំនើបកម្មបទល្មើស មានភាពជឿនលឿនជាងបច្ចេកទេសបង្ក្រាប។
ក្នុងពិធីប្រកាសកែសម្រួលសមាសភាព របស់គណៈកម្មាធិការ គ.ប.ផ.ក នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម មៀច សុផាន់ណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធាន គ.ប.ផ.ក មានប្រសាសន៍ថា ការផលិត និងការចរាចរផលិតផលក្លែងក្លាយ ដែលកំពុងតែរីករាលដាល ពីមួយថ្ងៃទៅមួយថ្ងៃ ស្ទើរតែគ្រប់កន្លែងនាពេលបច្ចុប្បន្ននេះ ត្រូវបានពិភពលោកចាត់ទុកជាបទល្មើស ដែលមានអង្គការចាត់តាំង និងជាបទល្មើសឆ្លងដែន ហើយបានបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាពសាធារណៈ និងបង្កគ្រោះថ្នាក់ដល់មនុស្សជាតិ។
ជាមួយគ្នានេះ ឯកឧត្តម បានជំរុញដល់មន្ត្រី គ.ប.ផ.ក សហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ បន្តចាត់វិធានការក្នុងការប្រយុទ្ធប្រឆាំងផលិត ការចែកចាយផលិតផលក្លែងក្លាយ ឲ្យបានខ្លាំងក្លាបន្ថែមទៀត សិក្សាពីផលវិបាកនៃការបង្ក្រាប រួមទាំងការអប់រំ ផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ដើម្បីឲ្យបានយល់ច្បាស់អំពីផលប៉ះពាល់ ពីការប្រើប្រាស់ផលិតផលក្លែងក្លាយ និងជួយផ្ដល់ដំណឹងពីព័ត៌មាន ពាក់ព័ន្ធនឹងផលិតផលក្លែងក្លាយដល់ គ.ប.ផ.ក៕ អត្ថបទ៖ បាន សុខរិទ្ធិ








