ស៊ីហ្គេម៖ ថ្នាក់ដឹកនាំស្ថាប័នកីឡាជំនាញ រួមមានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា អគ្គនាយកដ្ឋានកីឡា និងមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា កាលពីល្ងាចថ្ងៃទី២៩ ខែមីនាបានបើកកិច្ចប្រជុំ Online តាមរយៈ Video Conference មួយ ដើម្បីពិភាក្សាលើគម្រោងប្រមូលផ្ដុំកក្រុមជម្រើសជាតិឡើងវិញ ដើម្បីត្រៀមការប្រកួតកីឡាស៊ីហ្គេមលើកទី៣១ នៅប្រទេសវៀតណាមនាចុងឆ្នាំ២០២១។
ឯកឧត្ដម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានបញ្ជាក់ថា ក្នុងកិច្ចប្រជុំនេះថ្នាក់ដឹកនាំស្ថាប័ននីមួយៗ បានបង្ហាញពីរបាយការណ៍រៀងៗខ្លួន ហើយធ្វើការសំយោគគ្នាដើម្បីពិនិត្យលទ្ធភាពក្នុងការប្រមូលផ្ដុំឡើងវិញ ខណៈបើគិតពីពេលនេះរហូតដល់ថ្ងៃបើកការប្រកួតកីឡាស៊ីហ្គេមនៅវៀតណាម គឺសល់ពេលមិនដល់ ៨ខែនោះទេ។ ប៉ុន្តែយ៉ាងណាការចាប់ផ្ដើមប្រមូលផ្ដុំឡើងវិញនេះ ក៏ត្រូវធានាបាននូវសុវត្ថិភាពដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ផងដែរ។
ប៉ុន្តែដរាបណាពុំទាន់មានគោលការណ៍ ស្ដីពីការប្រមូលផ្ដុំជម្រើសជាតិឡើងវិញទេនោះ ឯកឧត្តម វ៉ាត់ ចំរើន បានអំពាវនាវឲ្យកីឡាករ-កីឡាការិនីជម្រើសជាតិ ដែលស្ថិតក្នុងដំណាក់កាលរំសាយនៅឡើយ ត្រូវបន្ដធ្វើការហ្វឹកហាត់ដោយសកម្មនៅតាមផ្ទះ ឬកន្លែងមានសុវត្ថិភាពបំផុតដើម្បីរក្សាកម្លាំងកាយ ទម្ងន់ និងកម្លាំងកាយសម្បទាឲ្យបានល្អប្រសើរ ងាយស្រួលពេលប្រមូលផ្ដុំឡើងវិញ ហ្វឹកហាត់បន្ថែមតែបច្ចេកទេស ដើម្បីធានាបាននូវការស្ដារ និងពង្រឹងគុណផលកីឡាទាន់ពេលត្រៀមស៊ីហ្គេមនៅវៀតណាម ក៏ដូចជាការសម្រួចទិសដៅឆ្ពោះទៅស៊ីហ្គេមឆ្នាំ២០២៣ នៅកម្ពុជាផងដែរ៕
អត្ថបទ៖ លី ឈុនឡា