ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់ នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបញ្ជាក់ថា ជនខិលខូចមួយចំនួន ដែលបន្តគេចវេសការបង់ពន្ធ និងបន្លំនាំរថយន្តចូលដោយខុសច្បាប់ នៅតែបន្តមានទោះបីជាបានខិតខំប្រឹងប្រែងអនុវត្តតួនាទីក្នុងការកាត់បន្ថយឲ្យបានជាអតិបរមាយ៉ាងណាក៏ដោយ។
ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក្នុងសន្និសីទសារព័ត៌មាន ស្តីពីលទ្ធផល នៃការអនុវត្តការប្រមូលពន្ធលើយានយន្តគ្មានពន្ធ និងអាករនាំចូលដែលមានស្រាប់ ក្នុងប្រទេសនាព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២២នេះ បានមានប្រសាសន៍ថា កម្ពុជាកាត់បន្ថយឲ្យបានច្រើនភាគរយ និងទទួលយកបាន ហើយនិងមានបរិយាកាសមួយសម្រាប់ធ្វើធុរកិច្ចល្អ ចំណូលជាតិក៏បាន ប៉ុន្តែ ការបន្លំការគេចវេសពន្ធ គឺជាភារកិច្ចត្រូវអនុវត្តបង្រ្កាបរយៈពេលយូរអង្វែងតទៅទៀត ព្រោះជនខិលខូចនៅតែមាន។
សូមបញ្ជាក់ថា បន្ទាប់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចឲ្យមានការប្រមូលពន្ធអាករលើរថយន្តគ្មានពន្ធ មានស្រាប់ក្នុងប្រទេសជ្រកក្រោមផ្លាកលេខផ្សេងៗ ចាប់ពីដើមខែកញ្ញា ឆ្នាំ២០២១ និងបញ្ចប់ត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ ក្នុងចំណោមរថយន្តសរុបចំនួនជិត ១ម៉ឺនគ្រឿង មានរថយន្តជាង ៩ពាន់គ្រឿង បានចូលខ្លួនបង់ពន្ធនិងអាករ ព្រមទាំងរកថវិកាបានពីការបង់ពន្ធនិងអាករនេះ បានចំនួនជាង ៧៦លានដុល្លារអាម៉េរិក៕ អត្ថបទ៖ ឈិត បូរ៉ាវី