ភ្នំពេញ ៖ ឯកឧត្តម ស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គជប បានក្រើនរំលឹកដល់មន្ត្រីបោះឆ្នោតនៃខេត្តកោះកុង ត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍មិនលម្អៀង ឬ រើសអើងសាសនា និន្នាការគណបក្សនយោបាយណាមួយឡើយ។
ថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តកោះកុង នៅថ្ងៃទី៤ ខែកញ្ញា ម្សិលមិញនេះ ឯកឧត្តម ស៊ិក ប៊ុនហុក ប្រធាន គជប បានមានប្រសាសន៍ថា ក្នុងនាមជាមន្ត្រី គជប ត្រូវប្រកាន់នូវភាពមិនលម្អៀង ដោយទាមទារ មិនត្រូវធ្វើសកម្មភាពសម្ដែងអាកប្បកិរិយា ឥរិយាបថ ឬពោលពាក្យសម្ដី ឬថ្លែងសុន្ទរកថា ឬថ្លែងការណ៍អ្វីមួយដែលបង្ហាញឱ្យឃើញពីភាពលម្អៀង ឬការចូលចិត្ត ឬមិនចូលចិត្តចំពោះគណបក្សនយោបាយ បេក្ខជន ភ្នាក់ងារគណបក្សនយោបាយណាមួយក្នុងពេលអនុវត្តភារកិច្ចរបស់ខ្លួនឡើយ។
ឯកឧត្តម ស៊ិក ប៊ុនហុក បានបញ្ជាក់ថា បញ្ហារើសអើងជាចំណុចដែលត្រូវគោរព និងប្រកាន់ខ្ជាប់ ដូចជាការរើសអើងពូជសាសន៍ ភេទ កុលសម្ព័ន្ធ ឋានៈ ឬសាសនា ដែលពាក់ព័ន្ធនឹងការបោះឆ្នោត ឬសកម្មភាពនយោបាយផ្សេងៗ។
ឯកឧត្តម ស៊ិក ប៊ុនហុក បានបន្តថា ជាងនេះ ទៅមិនត្រូវធ្វើអ្វីមួយដែលជះឥទ្ធិពលលើអ្នកបោះឆ្នោត ដែលអាចធ្វើឱ្យមានការបោះឆ្នោតគាំទ្រ ឬប្រឆាំងបេក្ខជន ឬគណបក្សនយោបាយណាមួយ។
ជាមួយគ្នានេះដែរ លោក សេង នេង ប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតប្រចាំខេត្តកោះកុង បានប្ដេជ្ញាក្នុងការដឹកនាំឱ្យមានភាពល្អប្រសើរ ដោយធានាបាន នូវនិរន្តរភាពប្រកបដោយលក្ខណៈច្បាប់ វិទ្យាសាស្ត្រ សីលធម៌ គុណធម៌ និងភាពទទួលយកបាន។
បន្ថែមលើសពីនេះ ប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តកោះកុងរូបនេះ នឹងបន្តពង្រឹងទំនាក់ទំនងល្អជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ គណបក្សនយោបាយ រួមទាំងអង្គការសង្គមស៊ីវិលនានា ដែលពាក់ព័ន្ធនឹងការបោះឆ្នោត ហើយដោយឈរលើស្មារតីនេះ ទើបធ្វើឱ្យការងារបោះឆ្នោតនៅខេត្តកោះកុង ទទួលបានជោគជ័យប្រកបដោយឯករាជ្យ អព្យាក្រឹត សច្ចៈ យុត្តិធម៌ និងតម្លាភាព ហើយលទ្ធផលអាចទទួលយកបានពីគ្រប់ភាគីទាំងអស់៕
អត្ថបទ៖ សេក ឧត្តម
