ឥណ្ឌា៖ ប្រទេសឥណ្ឌាបានរាយការណ៍ពីការកើនឡើងខ្ពស់បំផុត នៃករណីឆ្លងវីរុសកូរ៉ូណាប្រចាំថ្ងៃក្នុងរយៈពេល ៥ខែកាលពីថ្ងៃច័ន្ទ ដោយការឆ្លងរលកទី២ នេះត្រូវបានបង្កឡើងដោយការឆ្លងរាលដាលនៅក្នុងរដ្ឋមហារាស្ត្រា (Maharastra) ជារដ្ឋមានជាងគេបំផុតរបស់ប្រទេសនេះ។

ក្រសួងសុខាភិបាលបាននិយាយថា អ្នកឆ្លងសរុបនៃវីរុសកូរ៉ូណាថ្មីចំនួន ៦៨,០២០នាក់ត្រូវបានគេរាយការណ៍ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ នេះជាការកើនឡើងប្រចាំថ្ងៃខ្ពស់បំផុតចាប់តាំងពីថ្ងៃទី១១ ខែតុលា នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Reuters។ ប្រទេសឥណ្ឌាបានរាយការណ៍អំពីករណីឆ្លងកើនឡើងខ្ពស់ជាង ៦០,០០០នាក់សម្រាប់រយៈពេលបីថ្ងៃជាប់ៗគ្នា ទោះបីជាការកើនឡើងកាលពីថ្ងៃច័ន្ទ នៅតែទាបជាងកម្រិតខ្ពស់បំផុតកាលពីខែកញ្ញា ដែលមានជាង ៩ម៉ឺនករណីក្នុងមួយថ្ងៃក៏ដោយ។
ចំនួនករណីឆ្លងសរុបចាប់តាំងពីការឆ្លងរាលដាល បានចាប់ផ្តើមកាលពីមួយឆ្នាំកន្លងមកនេះ បានកើនឡើងជាងចំនួន ១២លាននាក់ ដែលធ្វើឱ្យប្រទេសឥណ្ឌាក្លាយជាប្រទេស ដែលរងគ្រោះខ្លាំងជាងគេបន្ទាប់ពីសហរដ្ឋអាមេរិក និងប្រទេសប្រេស៊ីល។ គិតត្រឹមព្រឹកថ្ងៃអង្គារនេះ ប្រទេសឥណ្ឌាមានករណីឆ្លងជំងឺ COVID-19 ចំនួន ១២,០៩៥,៣២៩នាក់ និងស្លាប់ចំនួន ១៦២,១៤៧នាក់៕
អត្ថបទ៖ សុខមាន