ក្នុងរយៈពេល៥ឆ្នាំ បន្ទាប់ពីអង្គការយូណេស្គូ សម្រេចដាក់ប្រាសាទសំបូរព្រៃគុកចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក នាថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៧មក មន្រ្តីជំនាញបានបន្តរកឃើញប្រាង្គប្រាសាទបូរាណថ្មីៗបន្ថែមទៀត ខណៈបច្ចុប្បន្នអាជ្ញាធរជាតិសំបូរព្រៃគុកបានកំពុងជួសជុលប្រាសាទមួយចំនួន ដើម្បីអភិរក្សមជ្ឈមណ្ឌលអរិយធម៌ដ៏មានតម្លៃមួយនេះ។ នេះបើតាមការអះអាងរបស់លោក ហេង ថាន អគ្គនាយករងអាជ្ញាធរជាតិសំបូរព្រៃគុក។
ថ្លែងនៅក្នុងកិច្ចសម្ភាសន៍ជាមួយទូរទស្សន៍BTV លោក ហេង ថាន បានលើកឡើងថា ប្រាសាទសំបូរព្រៃគុក គឺមានប្រាង្គប្រាសាទរាប់រយប្រាង្គ ដោយប្រាង្គនីមួយៗមានឆ្លាក់ចារឹកបែបប្រពៃណី វប្បធម៌ជាច្រើន ហើយបន្ទាប់ពីប្រាសាទនេះបានក្លាយទៅជាសម្បត្តិរបស់ពិភពលោកមក បានទាក់ទាញភ្ញៀវបរទេស ក្នុងមួយថ្ងៃៗជាងមួយពាន់នាក់ ខណៈភ្ញៀវជាតិជាច្រើនពាន់នាក់ មុនពិភពលោកផ្ទុះការឆ្លងរីករាលដាលនូវមេរោគកូវីដ១៩។
ប្រាសាទសំបូរព្រៃគុកមានទីតាំងស្ថិតនៅក្នុងភូមិសម្បូរ ឃុំសម្បូរ ស្រុកសម្បូរ ខេត្តកំពង់ធំ។ ប្រាសាទនេះស្ថិតនៅតាមបណ្តោយស្ទឹងសែន ដែលមានចម្ងាយប្រហែល ២៨គីឡូម៉ែត្រភាគឦសាន នៃទីរួមខេត្តកំពង់ធំ និងមានចម្ងាយប្រហែល ១៨១គីឡូម៉ែត្រពីរាជធានីអង្គរនៃខេត្តសៀមរាប និងមានចម្ងាយប្រហែល ១៧០គីឡូម៉ែត្រពីប្រាសាទព្រះវិហារ នៃខេត្តព្រះវិហារ និងមានចម្ងាយប្រហែល ១៩៦គីឡូម៉ែត្រពីរាជធានីភ្នំពេញ។ ប្រាសាទសំបូរព្រៃគុកជារមណីយដ្ឋានវប្បធម៌ និងប្រវត្តិសាស្រ្ត ដែលមានចម្ងាយប្រមាណ ៣៧គីឡូម៉ែត្រ បត់តាមផ្លូវជាតិ៦៤ បត់ស្តាំតាមសាលាវិស័យ កាត់តាមផ្លូវបុសស្រមោច ផ្លូវនេះពេលរដូវវស្សាលិចទឹក តែយើងអាចធ្វើដំណើរឆ្ពោះទៅស្រុកសំបូរបានតែម្តង ដែលសង់លើដី រាបស្មើមានទំហំ ៣,០០០ ហិកតា ។ រមណីដ្ឋានសំបូរព្រៃគុក ជារាជធានីចាស់ឈ្មោះថាឥសានបុរៈ ពីសម័យនោះជាមជ្ឈមណ្ឌលនៃព្រាហ្មញ្ញសាសនា ដើម្បីឧទ្ទិសថ្វាយដល់ ព្រះសិវៈ ឬព្រះឥសូរនិយម។ ក្រុមប្រាសាទនេះសាងសង់អំពីឥដ្ឋតាន់ និង ថ្មបាយក្រៀមលំអរទៅដោយចម្លាក់ពីលើឥដ្ឋ ចាក់ពុម្ភដោយបាយអ ជាផ្ទាំងៗអំពីឥដ្ឋ តែបច្ចុប្បន្នរបេះអស់មួយចំនួន។ ក្បាច់ផ្តែរ និងការសរសេរជាពាក្យពេជ្រ ប្រអប់ទ្វារធ្វើអំពីថ្មភក់ទាំងអស់។ ប្រាសាទនេះកសាងឡើងនៅរជ្ជកាលព្រះបាទឥសានវរ្ម័នទី១ នៅក្នុង សតវត្សរ៍ទី៧ (គ.ស៦១៦-៦៣៥) នាស័យចេនឡា។
បើតាម លោក ហេង ថាន បានប្រាប់ទូរទស្សន៍BTVទៀតថា នាពេលបច្ចុប្បន្នប្រាង្គប្រាសាទនានា កំពុងធ្វើការជួសជុល អភិរក្ស និងអភិវឌ្ឍបន្ថែមដើម្បីធ្វើយ៉ាងណាឲ្យរមណីយដ្ឋានមួយនេះ គង់វង្ស ស្ថិតស្ថេរយូរអង្វែងស្របទៅតាមគម្រោងរបស់រាជរដ្ឋាភិបាល ដើម្បីទាក់ទងទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិកាន់តែច្រើន ខណៈប្រជាពលរដ្ឋដែលកំពុងរស់នៅក្បែរប្រាសាទនេះ ប្រកបដោយសុខដុមរមនាបន្ថែមទៀតផងដែរ។ ដើម្បីអបអរសាទរខួប៥ឆ្នាំ ក្នុងការដាក់ប្រាសាទចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក(៨ កក្កដា ឆ្នាំ២០១៧-៨កក្កដា ឆ្នាំ២០២២) លោក ហេង ថាន ក៏បានឲ្យដឹងផងដែរថាអាជ្ញាធរនឹងធ្វើការបៀបចំខួបនេះនៅក្នុងបរិវេនប្រាសាទផងដែរ បន្ទាប់ពីអាក់ខានប្រារព្ធអស់រយៈពេលពីរឆ្នាំដោយសារ តែបញ្ហានៃការរីករាលដាលនូវមេរោគកូវីដ១៩៕ អត្ថបទ៖ បាន ចក់









