រុស្ស៊ី៖ លោកប្រធានាធិបតី Vladimir Putin បានប្រជែងលោកខាងលិចក្នុងការព្យាយាមកាច់បំបាក់រុស្ស៊ីនៅលើសមរភូមិ ដោយនិយាយថា ការអន្តរាគមន៍របស់រុស្ស៊ីក្នុងប្រទេសអ៊ុយក្រែន បានបញ្ជាក់ការផ្លាស់ប្ដូរទៅរកពិភពលោកមានប៉ូលច្រើន។

មេដឹកនាំរុស្ស៊ីបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា រុស្ស៊ីបានចាប់ផ្ដើមសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែន និងហានតតាំងជាមួយលោកខាងលិចដើម្បីឲ្យពួកគេបរាជ័យក្នុងសង្គ្រាម ខណៈដែលបានទទូចផងដែរថា ក្រុង Moscow នៅតែបើកចិត្តទទួលយកការចរចាសន្តិភាព។ នៅក្នុងសន្ទរកថាដ៏ម៉ឺងម៉ាត់មួយកាលពីថ្ងៃព្រហស្បតិ៍ ទៅកាន់ក្រុមមេដឹកនាំសភារយៈពេលជាង ៤ខែក្នុងការវាយលុករបស់ក្រុង Moscow លើប្រទេសអ៊ុយក្រែន លោក Putin បាននិយាយថា លទ្ធភាពសម្រាប់ការចរចានឹងកាន់តែលំបាកឡើង នៅពេលដែលសង្គ្រាមនេះអូសបន្លាយកាន់តែយូរ។
លោក Putin និយាយថា ថ្ងៃនេះយើងបានលឺថា បស្ចិមលោកចង់កាច់បំបាក់យើងនៅលើសមរភូមិ។ តើអ្នកអាចនិយាយអ្វីបានខ្លះ?។ ដូច្នេះឲ្យពួកគេសាកមើលទៅ។ លោកថា យើងបានលឺច្រើនដងមកហើយថា ប្រទេសលោកខាងលិចចង់វាយប្រហារយើងដល់ទីបញ្ចប់នៅក្នុងទឹកដីរបស់អ៊ុយក្រែន។ នេះជាសោកនាដកម្មសម្រាប់ប្រជាពលរដ្ឋអ៊ុយក្រែន ប៉ុន្តែទំនងជាអ្វីៗគ្រប់យ៉ាងកំពុងបោះជំហានទៅរកចំណុចនោះហើយ។ រុស្ស៊ីបានចោទប្រកាន់លោកខាងលិចពីបទដុតបញ្ឆេះឲ្យមានសង្គ្រាមតំណាងប្រឆាំងក្រុង Moscow ដោយប្រើទណ្ឌកម្មបំផ្លិចបំផ្លាញសេដ្ឋកិច្ចរបស់រុស្ស៊ី និងបង្កើនការផ្គត់ផ្គង់អាវុធទំនើបទៅឲ្យអ៊ុយក្រែន៕
អត្ថបទ៖ សុខមាន