ប្រដាល់៖ ព្រឹត្តិការណ៍ប្រកួតប្រដាល់គុនខ្មែរម្ចាស់ជើងឯកខ្សែក្រវាត់ខារ៉ាបាវ នឹងឈានចូលសប្តាហ៍ទី២ ជុំទី១ ថ្ងៃអាទិត្យចុងសប្តាហ៍ហើយ។ ភេសជ្ជៈប៉ូវកំលាំងខារ៉ាបាវដែលជាដៃគូឧបត្ថម្ភ នៅសង្វៀនគុនខ្មែរទូរទស្សន៍បាយ័នជាង ១០ឆ្នាំមកហើយនោះបានបន្តសហការបន្តទៀតជាមួយទូរទស្សន៍បាយ័ន ក្នុងការរៀបចំការប្រកួតដណ្តើមខ្សែក្រវាត់ក្នុងកម្មវិធីប្រដាល់គុនខ្មែរ ដែលមានការគាំទ្រជាងគេបំផុតនៅកម្ពុជា។
សំរាប់សប្តាហ៍នេះ កីឡាករដែលជាក្តីសង្ឃឹមរបស់គុនខ្មែរ ធន់ ផានិត ដែលមកពីសមាគមកីឡាប្រដាល់ក្រសួងការពារជាតិ និងក្រោមការបង្វឹកផ្ទាល់របស់អតីតកំពូលកីឡាករប្រដាល់គុនខ្មែរគឺលោក ធន់ សុភា នឹងត្រូវជួបជាមួយកីឡាករជើងខ្លាំងថៃ ផាត់ថាណា ស៊ីតអាចានវីន។ សូមបញ្ជាក់ថា ធន់ ផានិតធ្លាប់យកឈ្នះកីឡាករថៃជាច្រើននាក់មកហើយ មុនឈានដល់ការប្រកួតដណ្តើមខ្សែក្រវាត់នេះ តែគូប្រកួតរបស់គេគឺកីឡាករថៃ ផាត់ថាណា ស៊ីតអាចានវីន ក៏មិនធម្មតាដែរ បន្ទាប់ពីធ្លាប់យកឈ្នះជើងខ្លាំង ពេជ្រ សម្បតិ្ត ក្នុងការប្រកួតមិត្តភាពនៅសង្វៀនទូរទស្សន៍បាយ័ននាពេលកន្លងមក។
ចំណែកឯមួយគូទៀតកីឡាករមកពីក្លិបប្រដាល់ថ្មគោលពោធិសែនជ័យ ជ័រ ពៅ ដែលជាកីឡាករជំនាញលេងកែង នឹងត្រូវជួបជាមួយកីឡាករថៃ ផេតម៉េតម៉ៃ ស៊ីតណងឡេក។ ការប្រកួតនឹងចាប់ផ្តើមនាវេលាម៉ោង ៦ល្ងាចតទៅនៅសង្វៀនគុនខ្មែរស្ទូឌីយោស្ទឹងមានជ័យ ផ្សាយផ្ទាល់តាមរយៈកញ្ចក់ទូរទស្សន៍បាយ័ន នៅលើផេកហ្វេសប៊ុកផ្លូវការប្រដាល់គុនខ្មែរទូរទស្សន៍បាយ័ន Bayon & BTV Boxing និងផេកភេសជ្ជៈប៉ូវកំលាំងខារ៉ាបាវ៕
អត្ថបទ៖នាង សុភាវុធ