បាល់ទាត់៖ ក្រុមបាល់ទាត់សូលទីឡូអង្គរនឹងត្រូវជួបក្រុមកំពូលតារាងលីគកំពូលកម្ពុជា ព្រះខ័នរាជស្វាយរៀងក្នុងដំណាក់កាលទី៣ នៃពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន លើកទី១៦ (ថ្នាក់ជាតិ) ឆ្នាំ២០២២ បន្ទាប់ពីយកឈ្នះទាំង ២ជើងលើក្រុមបាល់ទាត់ខេត្តបន្ទាយមានជ័យ ៤-០ ក្នុងវគ្គជម្រុះថ្នាក់ជាតិ។

សម្រាប់ជំនួបកាត់សេចក្ដីជើងទី២ នៅទឹកដីខេត្តបន្ទាយមានជ័យកាលពីល្ងាចថ្ងៃទី០៧ ខែកក្កដានេះ ក្រុមសូលទីឡូអង្គរបានបន្ដយកឈ្នះក្រៅដីក្នុងលទ្ធផល ២-០ ដូចកាលពីជើងទី១ ដែរ ដែលធ្វើសម្រេចដោយកីឡាករ យ៉ែន មករា នៅនាទី៥៣ និងមិត្តរួមក្រុម អ៊ីម វ៉ាឃីម នៅនាទី៩០+៣។

ជ័យជម្នះនេះបានធ្វើឲ្យក្រុមមានមូលដ្ឋាននៅខេត្តសៀមរាប ទទួលបានកៅអីដំណាក់កាលទី៣ នៃពានសម្ដេចតេជោ ហ៊ុន សែន-ថ្នាក់ជាតិ ដោយត្រូវជួបក្រុមកំពូលតារាងនៃលីគកំពូលកម្ពុជា គិតត្រឹមសប្ដាហ៍ទី១១ ពោលគឺក្រុមខ្លាំងព្រះខ័នរាជស្វាយរៀង។ ទោះបីការប្រកួតសន្សំពិន្ទុលីគកំពូលនៅសល់ ២សប្ដាហ៍ទៀតក្ដី តែដោយសារព្រះខ័នរាជស្វាយរៀងមានពិន្ទុដាច់ឆ្ងាយពីគូប្រកួត មានន័យថា សូលទីឡូអង្គរនឹងត្រូវជួបក្រុមមានមូលដ្ឋាននៅខេត្ដស្វាយរៀងនេះ ដោយស្វ័យប្រវត្តិតែម្ដង៕
អត្ថបទ៖ លី ឈុនឡា