ស្រីលង្កា៖ ប្រធានាធិបតីស្រីលង្កាបានស្នើលោក Vladimir Putin ឲ្យជួយនាំចូលប្រេងឥន្ធនៈ ខណៈសេដ្ឋកិច្ចរបស់ប្រទេសនេះកាន់តែធ្ងន់ធ្ងរ។ លោក Gotabaya Rajapaksa បាននិយាយនៅក្នុងបណ្ដាញ tweeter នៅសប្ដាហ៍នេះថា លោកបានសន្ទនាតាមទូរស័ព្ទប្រកបដោយផ្លែផ្កាជាមួយប្រធានាធិបតីរុស្ស៊ី ដែលរូបលោកបានស្នើសុំឲ្យជួយគាំទ្រប្រទេសដីកោះមួយនេះ។ ស្រីលង្កាបានទិញប្រេងពីរុស្ស៊ីរួចទៅហើយ។

ក្រុមអ្នកតវ៉ាបានប្រមូលផ្ដុំគ្នាជិតអគាររដ្ឋសភាក្នុងរដ្ឋធានី Colombo នៅកាលពីថ្ងៃពុធដោយអំពាវនាវឲ្យលោក Rajapaksa លាលែងពីតំណែង។ អតិផរណាបានឡើងដល់កម្រិតខ្ពស់បំផុត ៥៤.៦% នៅក្នុងខែកក្កដានេះ ខណៈដែលតម្លៃម្ហូបអាហារបានកើនឡើងជិត ២ដង។ សំណើរបស់លោកប្រធានាធិបតីស្រីលង្កាមានឡើង បន្ទាប់ពីលោកនាយករដ្ឋមន្ត្រី Ranil Wickremesinghe បាននិយាយថា ស្រីលង្កាបានក្ស័យធនកាលពីថ្ងៃអង្គារ ២ថ្ងៃបន្ទាប់ពីរដ្ឋមន្ត្រីថាមពលលោក Kanchana Wijesekera និយាយថា ប្រទេសនេះនៅសល់ប្រេងឥន្ធនៈប្រើប្រាស់មិនដល់ ១ថ្ងៃផងទេ។
ទុនបម្រុងរូបិយប័ណ្ណបរទេសរបស់ប្រទេសស្រីលង្កាបានអស់ បន្ទាប់ពីខកខានក្នុងការសងបំណុលជាលើកដំបូងកាលពីខែឧសភា ដែលមានន័យថា ប្រទេសនេះបានជួបការលំបាកក្នុងការទូទាត់ប្រាក់ថ្លៃនាំចូលប្រេងឥន្ធនៈ។ សារព័ត៌មាន Insider ធ្លាប់បានរាយការណ៍ពីថា ប្រជាជនស្រីលង្កាបានតម្រង់ជួរទិញឧស្ម័នអស់ជាច្រើនថ្ងៃ ហើយរដ្ឋាភិបាលបានលើកទឹកចិត្តឱ្យធ្វើការពីផ្ទះដើម្បីសន្សំសំចៃប្រេង៕
អត្ថបទ៖ សុខមាន