វាយកូនបាល់៖ កីឡាករវាយកូនបាល់អេស្ប៉ាញ Rafael Nadal បានសំរេចចិត្តដកខ្លួនពីព្រឹត្តិការណ៍ Grand Slam, Wimbledon ទាំងបង្ខំចិត្តដោយសាររបួស មុនការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ កីឡាករវ័យ ៣៦ឆ្នាំរូបនេះធ្លាប់បានទទួលការព្យាបាលបឋមអំឡុងការប្រកួតវគ្គ ៨នាក់ចុងក្រោយកាលពីថ្ងៃពុធ ពេលយកឈ្នះកីឡាករអាមេរិក Taylor Fritz។
ក្រោយការប្រកួតនោះ Nadal ក៏បានទទួលការព្យាបាល និងស្កេនឃើញថា មានរបួសរហែកសាច់ដុំ។ ជើងឯក Grand Slam ២២លើករូបនេះក៏បានធ្វើការហ្វឹកហាត់ដែរកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ មុនពេលសំរេចចិត្តធ្វើសន្និសីទសារព័ត៌មានប្រកាសដកខ្លួន។ Rafael Nadal មានកាលវិភាគប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រទល់នឹង Nick Kyrgios តែដោយសាររបួសនេះមានន័យថា កីឡាករអូស្ត្រាលីរូបនេះត្រូវអង្គុយរង់ចាំនៅវគ្គផ្តាច់ព្រ័ត្រជួបជាមួយ Novak Djokovic រឺ Cameron Norrie ដែលត្រូវប្រកួតថ្ងៃនេះ៕
អត្ថបទ៖នាង សុភាវុធ