ភ្នំពេញ៖ កិច្ចប្រជុំគណៈរដ្ឋមន្រ្តី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់នៃសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី០៨ ខែកក្កដានេះ បានអនុម័ត “សេចក្ដីព្រាងច្បាប់ ស្ដីពីការគ្រប់គ្រងចំ ណូលមិនមែនសារពើពន្ធ” ។
យោងតាមខ្លឹមសារសង្ខេប នៃសេចក្ដីព្រាងច្បាប់ ស្ដីពីការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ បានបង្ហាញថា ការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ មានវិសាលភាពធំទូលាយ និងមានប្រភពចំណូល បានមកពីវិស័យ និងសកម្មភាពជាច្រើន ដែលស្ថិតក្រោមការទទួលខុសត្រូវរបស់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ និងមានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុជាសេនាធិការរបស់រាជរដ្ឋាភិបាល លើការគ្រប់គ្រង ការតាមដាន និងការជំរុញការប្រមូលចំណូល។
ការប្រមូលពន្ធមិនមែនសារពើពន្ធ នៅមុខស្ថានការណ៍ នៃការរីករាលដាលនៃជំងឺកូវីដ-១៩ សម្រេចបានជាមធ្យមប្រមាណជាង២% នៃផ.ស.ស និងបានរួមចំណែកប្រមាណ១៤% នៃចំណូលចរន្ត សរុប។
នៅឆ្នាំ២០១៩ ចំណូលមិនមែនសារពើពន្ធ សម្រេចបានប្រមាណ៣% នៃផ.ស.ស ស្មើនឹង ១២៣,១% នៃច្បាប់ហិរញ្ញវត្ថុ។ នៅឆ្នាំ២០២០ ចំណូលមិនមែនសារពើពន្ធសម្រេចបានប្រមាណ២% នៃផ.ស.ស ទាបជាងច្បាប់ហិរញ្ញវត្ថុ ២៥,៥%។ ដោយឡែកនៅឆ្នាំ២០២១ សម្រេចបានប្រមាណ១,៥% នៃផ.ស.ស ទាបជាងច្បាប់ហិរញ្ញវត្ថុ ១៩,៨៩% ដោយសារមុខចំណូលសំខាន់ៗតាមវិស័យ ត្រូវរងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩ មានជាអាទិ៍៖ ចំណូលពីផលទុនទេសចរណ៍ ទិដ្ឋាការ អាកាសចរណ៍ស៊ីវិល កាស៊ីណូ និងឆ្នោត ចំណូលពីការផ្ដល់លិខិតឆ្លងដែន ដែលមុខចំណូលសំខាន់ៗទាំងនេះ ចូលរួមចំណែក ប្រមាណ៥០% នៃចំណូលមិនមែនសារពើពន្ធសរុប។
ទន្ទឹមនឹងនេះ សម្រាប់ផែនការឆ្នាំ២០២២ ត្រូវបាន គ្រោងប្រមាណ ១,៥% នៃផ.ស.ស មានការថយចុះ ១០,៣២% ធៀបនឹងច្បាប់ហិរញ្ញវត្ថុឆ្នាំ២០២១។ ទោះបីចំណូលមិនមែនសារពើពន្ធ ដើរតួនាទីយ៉ាងសំខាន់ក្នុងរចនាសម្ព័ន្ធនៃចំណូលថវិកាជាតិ ប៉ុន្តែចំណូលមិនមែនសារពើពន្ធ ជាប្រភេទចំណូលតាមវិស័យ ដែលមានភាពស្មុគស្មាញក្នុងការគ្រប់គ្រង និងការ ប្រមូលមិនទាន់អស់សក្ដានុពលដោយសារពុំទាន់មានក្របខណ្ឌគតិយុត្តគោលមួយ សម្រាប់ធានាឱ្យការ គ្រប់គ្រងការប្រមូលចំណូលមិនមែនសារពើពន្ធប្រកបដោយប្រសិទ្ធភាពខ្ពស់។
ដើម្បីដោះស្រាយបញ្ហាប្រឈម និងធានាប្រសិទ្ធភាព សក្ដិសិទ្ធិភាពក្នុងការគ្រប់គ្រង និងការប្រមូលចំណូលមិនមែនសារពើពន្ធឱ្យអស់សក្ដានុពល ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានរៀបចំបង្កើតឧប ករណ៍មួយចំនួនបន្ថែមទៀត ពាក់ព័ន្ធនឹងក្របខ័ណ្ឌនយោបាយ ក្របខ័ណ្ឌគតិយុត្ត និងក្របខ័ណ្ឌឌីជី ថល។
សេចក្ដីព្រាងច្បាប់ ស្ដីពីការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ នឹងក្លាយជាឧបករណ៍គតិយុត្ត គោលមួយច្បាស់លាស់ គ្រប់ជ្រុងជ្រោយ និងពេញលេញ ដែលជាការធ្វើបច្ចុប្បន្នភាព នៃបទប្បញ្ញត្តិគោល ការណ៍ វិធាន និងនីតិវិធី និងការបំពេញបន្ថែមចំណុចខ្វះខាតមួយចំនួន ដែលបានដកស្រង់បទពិសោធន៍ នៃការអនុវត្តកន្លងមក ក៏ដូចជាបទពិសោធន៍ នៃឧត្តមានុវត្តអន្តរជាតិ ជាពិសេសពង្រឹងសិទ្ធិអំណាច ការ បែងចែក ការទទួលខុសត្រូវ ភាពប្រទាក់ក្រឡាគ្នាពេញលេញ រវាងក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ និងអង្គភាពប្រមូលចំណូល៕ អត្ថបទ៖ មុត សុទ្ធ


