ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ទោះបីកម្ពុជាបាន ទទួលជោគជ័យខ្ពស់លើការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ តែរាជរដ្ឋាភិបាល មិនទាន់ដកថយនោះទេ ហើយក៏ជំរុញប្រជាពលរដ្ឋ ឱ្យបន្តទៅទទួលវ៉ាក់សាំងដូសជំរុញឲ្យបានគ្រប់គ្នា ។
តាមរយៈសំណេរលើបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី៨ ខែកក្កដា នេះ ខណៈកម្ពុជា ទទួលបាន វ៉ាក់សាំង Pfizer ដែលជាជំនួយរបស់អូស្រ្តាលីជិត ២០ម៉ឺនដូសសម្រាប់កុមារ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា កម្ពុជាបន្តស្វះស្វែងរកវ៉ាក់សាំងទុកក្នុងឃ្លាំង ហើយប្រកាសជំរុញការចាក់ វ៉ាក់សាំងដូសជំរុញជូនប្រជាពលរដ្ឋ ដើម្បីធានាបាននូវការការពារសុខភាពប្រជាពលរដ្ឋពីមេរោគកូវីដ-១៩ ដែលមកដល់ពេលនេះទាំងជំនួយ និងការបញ្ជាទិញ កម្ពុជារកបានវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ សរុបជិត ៥៣លានដូស ក្នុងនោះនៅសល់ក្នុងឃ្លាំងប្រមាណជា៨លានដូស និងក៏នៅមានវ៉ាក់សាំងសរុបប្រមាណ ២០លានដូសទៀត ដែលជាជំនួយ និងជាការបញ្ជាទិញ មិនទាន់បានដឹកមកប្រទេសកម្ពុជាផងដែរ ។
សម្ដេចតេជោ បានបញ្ជាក់ថា “កម្ពុជាកំពុងទទួលបានជោគជ័យខ្ពស់ លើការប្រយុទ្ធប្រឆាំងការរាត ត្បាតជំងឺកូវីដ-១៩ ហើយទោះបីទទួលបានជោគជ័យយ៉ាងណាក្តី តែរាជរដ្ឋាភិបាល នៅតែបន្តយកចិត្តទុក ដាក់ខ្ពស់ លើការប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការរាតត្បាត ដែលការងារអាទិភាពក្នុងការប្រយុទ្ធប្រឆាំងនេះ គឺការបន្តផ្តល់វ៉ាក់សាំងជូនប្រជាពលរដ្ឋ” ។
សម្តេចតេជោ បានបញ្ជាក់បន្ថែមថា ការប្រគល់វ៉ាក់សាំងនៅពេលនេះ ជាការបន្ថែមទៅលើជំនួយ វ៉ាក់សាំង Pfizer-BioNtech ចំនួន២,៣៥លានដូស ទូបង្កកត្រជាក់ និងទូបង្កកត្រជាក់បំផុត សរុបទាំង អស់ចំនួន១៣៣គ្រឿង និងគ្រឿងបរិក្ខារចាំបាច់ផ្សេងៗទៀត ដែលជាជំនួយទ្វេភាគីរបស់ប្រទេសអូស្រ្តាលី ហើយជំនួយទាំងនេះ ជាផ្នែកមួយ នៃជំនួយអូស្រ្តាលី ដែលមានថវិកាចំនួន ៣៥,៧លានដុល្លារអូស្រ្តាលី ដែលជាការប្តេជ្ញាចិត្តគ្រប់ជំហានទាំងអស់ ឆ្ពោះទៅរកយុទ្ធនាការចាក់វ៉ាក់សាំងប្រកបដោយសុវត្ថិភាព ប្រ សិទ្ធភាព និងសមភាពនៅកម្ពុជា ។
គិតត្រឹមថ្ងៃទី៦ ខែកក្កដា នេះ កម្ពុជា បានចាក់វ៉ាក់សាំងជូនពលរដ្ឋ ជាង៩៤ភាគរយ នៃចំនួនប្រជាពលរដ្ឋសរុប។ ក្នុងនោះ ចាក់ជូនកុមារអាយុចាប់ពី៣ឆ្នាំដល់ក្រោម៥ឆ្នាំ បានជាង ៧០ភាគរយ កុមារ អាយុ៥ឆ្នាំ បានជាង១៣៥ភាគរយ, កុមារអាយុពី៦ឆ្នាំ ទៅ១២ឆ្នាំ បានជាង១០៩ភាគរយ, កុមារ និងយុវ វ័យ អាយុ១២ឆ្នាំ ដល់១៨ឆ្នាំ បានជាង១០០ភាគរយ និងអាយុ១៨ឆ្នាំឡើង បានជាង ១០៣ភាគរយ។ ក្រៅ តែពីដូសមូលដ្ឋាន ពេលនេះកម្ពុជា បានឈានដល់ចាក់ដូសជំរុញទី ៥ផងដែរ។ ក្នុងនោះដូសជំរុញទី៣ ចាក់បានជាង១០លាននាក់, ដូសជំរុញទី៤ ចាក់បានជិត ៣លាននាក់, ដូសជំរុញទី៥ បានជាង៣៤ម៉ឺន នាក់ ៕
អត្ថបទ៖ បាន សុខរិទ្ធិ





