បាល់ទាត់៖ ក្រុមជំរើសជាតិកាណាដាបានយកឈ្នះក្រុម Cayman Islands ១១-០ ក្នុងការប្រកួតជំរុះ World Cup ២០២២ តំបន់អាមេរិកកណ្តាល និងខាងជើង CONCACAF។ កីឡាកររបស់ Bayern Munich, Alphonso Davies រកបានពីរគ្រាប់ក្នុងការប្រកួតនេះ ខណៈ Lucas Cavallini ខ្សែប្រយុទ្ធរបស់ក្លិប Vancouver Whitecaps ធ្វើបាន Hat-Trick ក្នុងរយៈពេល ៨នាទី។

Frank Sturing ជាអ្នកបើកការនាំមុខមុននៅនាទីទី៦ មុនពេលដែលកាណាដានាំមុខ ៦-០ ក្នុងវគ្គទី១ ដែលរួមមានបាល់ពិន័យ ១១ម៉ែត្ររបស់ Alphonso Davies។ តារាបាល់ទាត់របស់ Bayern Munich រូបនេះរកបានគ្រាប់ទីពីរនៅនាទីទី៧៣ ក្នុងចន្លោះគ្រាប់បាល់របស់ Cavallini។ សូមបញ្ជាក់ថា ការប្រកួតនេះត្រូវបានពន្យាពេល ២៤ម៉ោងបន្ទាប់ពីកោះកាយមែនយឺតយ៉ាវ ក្នុងការបញ្ជូនលទ្ធផលតេស្តកូវីដ-១៩ មុនការប្រកួតដែលគ្រោងចាប់ផ្តើមតាំងពីថ្ងៃអាទិត្យ។ កាណាដាកំពុងឈរលើគេក្នុងពូល B នៃវគ្គជំរុះនេះក្រោយឈ្នះទាំងពីរប្រកួត៕
អត្ថបទ៖នាង សុភាវុធ