ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្មកម្ពុជា បានប្រកាសថានៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២២នេះ ក្រសួងនៅតែបន្តទទួលពាក្យស្នើសុំលិខិតអនុញ្ញាត ឬអាជ្ញាបណ្ណពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក តាមការកំណត់លើនីតិវិធីមួយចំនួន។
យោងតាមសេចក្តីជូនដំណឹងស្តីពី ការដាក់ពាក្យស្នើសុំលិខិតអនុញ្ញាត ឬអាជ្ញាប័ណ្ណពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា មានរូបវន្តបុគ្គល និងនីតិបុគ្គលជាច្រើនពាន់នាក់ បានមកដាក់ពាក្យស្នើសុំ ជាបន្តបន្ទាប់ ដើម្បីក្លាយជាអ្នកប្រកបអាជីវកម្មស្របច្បាប់។
ក្រសួងបញ្ជាក់ថា ក្រសួងនៅតែបន្តទទួលពាក្យស្នើសុំ ដោយតាមនីតិវិធីដូចជា សម្រាប់នីតិបុគ្គល សាខាក្រុមហ៊ុនបរទេស និងសហគ្រាសឯកបុគ្គល ដែលបានធ្វើប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកដោយមិនមានការអនុញ្ញាតពីក្រសួងពាណិជ្ជកម្ម ត្រូវមកដាក់ពាក្យស្នើសុំ តែត្រូវរងការផាកពិន័យតាមច្បាប់ជាធរមាន។
ចំណែកឯ នីតិបុគ្គលសាខាក្រុមហ៊ុនបរទេស និងសហគ្រាសឯកបុគ្គល ដែលទើបចាប់ផ្តើមធ្វើប្រតិបត្តការ ឬមានបំណងធ្វើប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក អាចមកដាក់ពាក្យស្នើសុំលិខិតអនុញ្ញាត ឬអាជ្ញាប័ណ្ណពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកដោយមិនរងការផាកពិន័យឡើយ។
ដោយឡែក រូបវន្តបុគ្គលដែលមានផលរបរនៅក្រោមកម្រិតផលរបរជាអ្នកជាប់ពន្ធតូច អាចបន្តជូនដំណឹងមកក្រសួងពាណិជ្ជកម្ម ដើម្បីអាចទទួលបានការលើកលែងមិនតម្រូវឱ្យដាក់ពាក្យស្នើសុំ ឬក៏បើរូបវន្តបុគ្គលនោះនៅចង់ទទួលបានលិខិតអនុញ្ញាត អាចអញ្ជើញមកដាក់ពាក្យស្នើសុំលិខិតអនុញ្ញាតពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ដោយមិនរងការផាកពិន័យឡើយ។
សូមបញ្ជាក់ថា ការប្រកាសរបស់ក្រសួងពាណិជ្ជកម្ម ទទួលពាក្យស្នើសុំលិខិតអនុញ្ញាត ឬអាជ្ញាប័ណ្ណពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ធ្វើឡើងកាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ និងបានពន្យាពេលបន្តបន្ទាប់ ក្នុងការដាក់ពាក្យស្នើសុំដោយមិនជាប់ពិន័យចំនួន៤លើកហើយ គិតត្រឹមថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២២នេះ៕ អត្ថបទ៖ បូរ៉ាវី

