ភ្នំពេញ៖ រហូតមកដល់ថ្ងៃនេះ បងប្អូនប្រជាពលរដ្ឋខ្មែរ ដែលកំពុងរស់នៅសហរដ្ឋអាមេរិក បាននាំគ្នាចូលរួមថវិកាជាបន្តបន្ទាប់ជាមួយរាជរដ្ឋាភិបាលកម្ពុជាបន្ថែមទៀត ដើម្បីបោសសំអាតគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះ ដោយរហូតមកដល់ពេលនេះ គឺមានទឹកប្រាក់ជិតពីរពាន់ដុល្លារអាមេរិក។
ការចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការបោសសំអាតគ្រាប់មីននេះ គឺបានធ្វើឡើងបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២កន្លងទៅនេះ ក្នុងពិធីលែងកូនត្រីនៅខេត្តបន្ទាយមានជ័យ បានអំពាវនាវឱ្យសប្បុរសជនចូលរួមបំបាត់ចោលគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះ ដើម្បីកម្ពុជាឈានទៅគ្មានគ្រាប់មីននៅឆ្នាំ២០២៥។
បន្ទាប់ពីមានការអំពាវនាវរបស់ប្រមុខរាជរដ្ឋភិបាលនេះ មានសប្បុរសជនទាំងក្នុងស្រុក និង ក្រៅស្រុកជាច្រើនបាននាំគ្នាប្រកាសចូលរួមជាបន្តបន្ទាប់។ ជាក់ស្តែងរហូតដល់ពេលនេះ គឺមានជាង ១០លានដុល្លារអាមេរិកហើយ ដោយការចូលរួមពីសប្បុរសជន បងប្អូនប្រជាពលរដ្ឋទាំងក្នុង និងក្រៅប្រទេសនេះ គឺប្រកបដោយភាពស្នាមញញឹម ដើម្បីធ្វើយ៉ាងណាឲ្យប្រទេសកម្ពុជា ជាប្រទេសដែលគ្មានគ្រាប់មីន ក្នុងពេលឆាប់រហ័សនោះ។
ក្រោយពីមានការចូលរួមពីយ៉ាងផុលផុសរបស់សប្បុរសជនខ្មែរ ទាំងក្នុងស្រុក និងក្រៅស្រុកនោះ សម្តេចតេជោ ហ៊ុន សែន បានផ្ញើសារតាមបណ្តាញសង្គមហ្វេសបុក ថ្លែងអំណរគុណដល់សប្បុរសជន ដែលចូលរួមបរិច្ចាគថវិកាជូនរាជរដ្ឋាភិបាល ដើម្បីបំបាត់គ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះក្នុងប្រទេស ខណៈពេលនេះ រាជរដ្ឋាភិបាលបានទទួលពីសប្បុរសជនជាង ១០លានដុល្លារហើយនោះ៕ អត្ថបទ៖ បាន ចក់



