ភ្នំពេញ៖ លោកវេជ្ជបណ្ឌិត សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម បានអៈអាងថា សកម្មភាពបរិច្ចាគឈាមដោយស្ម័គ្រចិត្តរបស់ក្រសួង ស្ថាប័ន ក្រុមហ៊ុន និងប្រជាពលរដ្ឋ បានចាប់ផ្តើមផុលផុសបណ្តើរៗឡើងវិញហើយ បន្ទាប់ពីស្ថានភាពជំងឺកូវីដ-១៩បានធូរស្រាលរួចមក។
ការថ្លែងរបស់លោកវេជ្ជបណ្ឌិត សុខ ប៉ូ យ៉ាងដូច្នេះក្នុងកម្មវីធីបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ក្រោមប្រធានបទ «សាមគ្គីភាព នៃវីរជនបរិច្ចាគឈាម» សហការរៀបចំដោយក្រុមហ៊ុន វីតាល់ និងវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២២។
លោកវេជ្ជបណ្ឌិត បានបន្តថា សកម្មភាពបរិច្ចាគឈាមនេះ នៅមិនទាន់មានការផុលផុសដូចឆ្នាំ២០១៩ ដែលមិនមានការឆ្លងរាតត្បាតជំងឺកូវីដ-១៩នោះទេ។ ប្រជាពលរដ្ឋ ទើបតែចាកចេញពីការភ័យខ្លាចនៃការរាតត្បាតពីជំងឺកូវីដ-១៩។ ដូច្នេះបើនិយាយថា ឱ្យប្រជាពលរដ្ឋយើងមានស្មារតីចូលរួមបរិច្ចាគឈាមឱ្យបានផុលផុសដូចមុនកូវីដ-១៩ ដូចជាអត់ទាន់ដល់ទេ។ ម្យ៉ាងទៀតរាជរដ្ឋាភិបាល នៅតែអនុវត្តន៍នូវវិធានការ៣កុំ និង៣ការពារ ដើម្បីការពារទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ដដែល។ ហើយយើងក៏មិនអាចធ្វើអ្វីសេរីបានដូចមុននោះទេ យើងអាចរៀបចំព្រឹត្តិការណ៍ធំៗ បានគ្រប់ពេលវេលាតែឥឡូវនេះយើងត្រូវរៀបចំសំរិតសំរាំង ដើម្បីការពារការឆ្លងរាលដាលជំងឺកូវីដ-១៩។ ហើយនៅក្នុងសប្តាហ៍នេះសកម្មភាពការចូលរួមបរិច្ចាគឈាមពីសំណាក់បុគ្គលិក យុវជននៅតាមស្ថាប័ន វិទ្យាស្ថាន និងក្រុមហ៊ុននានាមានការផុលផុសច្រើន។
ជាក់ស្តែងម្សិលមិញរៀបចំនៅកាកបាទក្រហមកម្ពុជា ហើយនៅថ្ងៃនេះវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) និងក្រុមហ៊ុន វីតាល់ បានរៀបចំមហាព្រឹត្តិការណ៍បរិច្ចាគឈាមទ្រង់ទ្រាយធំ ជាថ្មីក្រោយខកខានដោយកូវីដ-១៩ ដោយមានការចូលរួមពីនិស្សិត និងបុគ្គលិកក្រុមហ៊ុនរាប់រាយនាក់។
លោកវេជ្ជបណ្ឌិត បានបន្តទៀតថា ការបន្តរួមសហការជាមួយ វីតាល់ និងពង្រីកដៃគូថ្មីមួយទៀតគឺវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា នឹងចូលរួមក្នុងការលើកកម្ពស់ការបរិច្ចាគឈាមដោយស្ម័គ្រចិត្តព្រមជាមួយគោលបំណងធានា បាននូវការផ្គត់ផ្គង់ឈាម ដោយសុវត្ថិភាពក្នុងបរិមាណគ្រប់គ្រាន់ទាន់ពេលវេលា ដើម្បីជួយសង្គ្រោះជីវិតជនរងគ្រោះ និងអ្នកជម្ងឺទាំងអស់ ដែលត្រូវការឈាមជាចាំបាច់។
ជាមួយគ្នានោះដែរ លោកជំទាវ ជឹង សុគន្ធាវី អគ្គនាយិកា ក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី (វីតាល់) បានសម្តែងនូវការអំណរគុណជូនចំពោះ ថ្នាក់ដឹកនាំ និងនិស្សិត នៃវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា ដែលបានចូលរួមជាដៃគូសហការរៀបចំព្រឹត្តិការណ៍ សម្រាប់ឆ្នាំនេះ និងចូលរួមគាំទ្រគ្រប់សកម្មភាពរបស់វីតាល់ជាដរាប។
ទោះបីជាកម្មវិធីនេះ ត្រូវបានធ្វើឡើងក្នុងខណៈដែលស្ថានភាពក្នុងស្រុក សហគមន៍ក្នុងតំបន់ ក៏ដូចជាពិភពលោក កំពុងមានចរន្តនៃការវិលត្រលប់មកវិញ នៃការរីករាលដាលជំងឺកូវីដ-១៩ ក្តី, វីតាល់ និងវិទ្យាស្ថាន NPIC បានធ្វើការសម្រេចចិត្តប្រកបដោយការទទួលខុសត្រូវខ្ពស់ ក្នុងការរៀបចំឲ្យមានឡើងវិញ នូវការបរិច្ចាគឈាម ដោយស្ម័គ្រចិត្តរបស់ថ្នាក់ដឹកនាំ មន្ត្រីរាជការ-បុគ្គលិក និងសប្បុរសជន តាមគន្លងប្រក្រតីភាពថ្មី ។
បើតាមលោក មួង ផាស៊ី នាយករងវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា មានប្រសាសន៍ថា នេះជាព្រឹត្តិការណ៍បរិច្ចាគឈាមទ្រង់ទ្រាយធំលើកទី១ ដែលវិទ្យាស្ថានបានរៀបចំសហការជាមួយវីតាល់។ ការរៀបចំព្រឹត្តិការណ៍ដ៏ធំនេះដោយមើលឃើញពីតម្រូវការស្តុកឈាម មានការកើនឡើងជាលំដាប់ គួបផ្សំជាមួយដៃគូយុទ្ធសាស្រ្ត របស់យើងគឺ វីតាល់ ផ្តួចផ្តើមរៀបចំព្រឹត្តិការណ៍នេះ វិទ្យាស្ថានបានធ្វើការសម្រេចចិត្តប្រកបដោយការទទួលខុសត្រូវខ្ពស់ក្នុងការចូលរួមសហការរៀបចំ ផ្សព្វផ្សាយ និងប្រមែប្រមូលសាស្រ្តាចារ្យ និងនិស្សិត ចូលរួមបរិច្ចាគឈាម ដោយស្ម័គ្រចិត្តជាមួយបុព្វហេតុរួម៕
អត្ថបទ រដ្ឋា