ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី០៧ នៃរដ្ឋសភា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានមានប្រសាសន៍ថា "សន្តិភាពរកបានមកដោយលំបាក តែងាយនឹងបាត់បង់"។
ក្នុងពិធីបិទមហាសន្និបាតលើកទី០១ ស្ដីពីលទ្ធផលការងារឆ្នាំ២០២១ ផ្សព្វផ្សាយទិសដៅការងារ និងផែនការសកម្មភាពឆ្នាំ២០២២-២០២៣ របស់វេទិកាសន្តិភាពកម្ពុជា កាលពីថ្ងៃទី០៧ ខែកក្កដាម្សិលមិញ នៅក្នុងខេត្តសៀមរាប ឯកឧត្តម ហ៊ុន ម៉ានី មានប្រសាសន៍ថា សន្តិភាព គឺជាមូលដ្ឋានគ្រឹះ ដែលបានប្រែក្លាយប្រទេសដែលធ្លាប់តែរងទុក្ខវេទនា បែកបាក់គ្នា ឈានមកមានការឯកភាពគ្នា និងមានសុខដុមរមនីយកម្ម គ្នាក្នុងភាពជាគ្រួសារខ្មែរតែមួយ។
ឯកឧត្តម បានបញ្ជាក់ថា គំនិតរួម ទស្សនៈជាតិរួម និងមធ្យោបាយរួម ត្រូវបានធ្វើឱ្យមាន ដើម្បីដើរ ស្របគ្នាឆ្ពោះទៅការរីកចម្រើនប្រទេសជាតិជាបន្តទៀត។
ឯកឧត្តម បានបញ្ជាក់បន្ថែមថា “កម្ពុជា បានប្រែមុខប្រែមាត់ជាបន្តបន្ទាប់លើឆាកអន្តរជាតិ ព្រោះ កម្ពុជា ដែលគេធ្លាប់ស្គាល់ថាជាប្រទេសដែលស្ថិតក្នុងភ្លើងសង្គ្រាម ក្លាយជាប្រទេស ដែលមានសុខសន្តិភាពពេញលេញ និងជាប្រទេសដែលមានកិត្តិយស ដើម្បីចូលរួមដោះស្រាយបញ្ហាអន្តរជាតិ ស្មើមុខ ស្មើមាត់ដូចគ្នា។
អង្គការវេទិកាសន្តិភាពកម្ពុជា ត្រូវបានបង្កើតឡើង និងប្រកាសជាផ្លូវការ នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ ដោយក្រសួងមហាផ្ទៃក្នុងគោលបំណង ចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីផ្សព្វផ្សាយដល់សិស្ស និស្សិត និងប្រជាពលរដ្ឋឱ្យយល់កាន់តែច្បាស់ពីគុណតម្លៃ និងគុណប្រយោជន៍នានា ដែលទទួលបានមកពីសន្តិភាព៕អត្ថបទ៖ ឈិត សាវី




