បាល់ទាត់៖ ខ្សែបម្រើបារាំង Paul Pogba បានឈានដល់កិច្ចព្រមព្រៀងហើយ ក្នុងការវិលត្រលប់ទៅកាន់សេះបង្កង់ Juventus វិញក្រោយកិច្ចសន្យារបស់គេអស់សុពលភាពជាមួយ Manchester United។ កីឡាករវ័យ ២៩ឆ្នាំរូបនេះនឹងធ្វើការពិនិត្យសុខភាពនៅទីក្រុង Turin ប្រទេសអ៊ីតាលីក្នុងសប្តាហ៍នេះ មុននឹងចុះកិច្ចសន្យារយៈពេល ៣ ទៅ ៤ឆ្នាំ នេះបើតាមការចុះផ្សាយរបស់ទូរទស្សន៍ SkySport។
រំលឹកថា Paul Pogba បានចូលរួមជាមួយ Manchester United ដំបូងនៅឆ្នាំ ២០០៩ ផ្ទេរពីក្លិបបារាំង Le Havre ក្នុងវ័យត្រឹម ១៦ ឆ្នាំ។ តែនៅឆ្នាំ ២០១២ Pogba បានចាកចេញនៅពេលកិច្ចសន្យាសន្យាអស់សុពលភាពនៅខែកក្កដាឆ្នាំ ២០១២ ក្រោយបង្ហាញខ្លួនឱ្យ Manchester United ត្រឹម ៧ប្រកួតប៉ុណ្ណោះ។ ទៅដល់ Juventus, Paul Pogba បានឈ្នះពានសំខាន់ចំនួន ៨ នៅទីក្រុង Turin បូករួមទាំងពាន Serie A បួនរដូវកាលជាប់គ្នា។
ត្រលប់មកកាន់ Manchester United, Paul Pogba បានឈ្នះពាន EFL Cup និង UEFA Europa League ក្នុងរដូវកាលដំបូងនៃការវិលត្រលប់របស់ខ្លួន។ សរុបមក Paul Pogba បង្ហាញខ្លួនសរុប ២៣៣ ប្រកួតស៊ុតបញ្ចូលទីបាន ៣៩ គ្រាប់ជាមួយក្រុមបិសាចក្រហម Manchester United និងបង្ហាញខ្លួនចុងក្រោយនៅពេលជួប Norwich City កាលពីខែមេសា និងត្រូវបានអ្នកគាំទ្រខ្លួនឯងហ៊ោប្រមាថ៕
អត្ថបទ៖នាង សុភាវុធ