UN៖ អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានអំពាវនាវឱ្យមានពហុភាគីនិយមរវាងបណ្តាប្រទេស និងប្លុកទាំងអស់នៅជុំវិញពិភពលោក ដើម្បីដោះស្រាយបញ្ហាដែលកំពុងកើតមានឡើង រួមទាំងជំងឺរាតត្បាតនៃវីរុសឆ្លង បម្រែបម្រួលអាកាសធាតុ និងការវាយលុករបស់រុស្ស៊ីលើអ៊ុយក្រែន។
លោកបានថ្លែងបែបនេះនៅទីក្រុងញូវយ៉ក ជាកន្លែងដែលលោកជួបជាមួយមន្ត្រីសហភាពអឺរ៉ុប រួមទាំងប្រធានគណៈកម្មការអឺរ៉ុបលោកស្រី Ursula von der Leyen។ អង្គការសហប្រជាជាតិបានព្រមានថា ការឡើងថ្លៃស្បៀងអាហារ ប្រេងឥន្ធនៈ និងជី បង្កឡើងដោយសង្គ្រាមនៅអ៊ុយក្រែន កំពុងគំរាមកំហែងជំរុញឲ្យប្រទេសនានានៅលើពិភពលោកធ្លាក់ចូលទៅក្នុងគ្រោះទុរ្ភិក្ស នាំមកនូវភាពអស្ថិរភាពពិភពលោក ការធ្វើអន្តោប្រវេសន៍ច្រើនក្នុងទំហំដែលមិនធ្លាប់មានពីមុនមក។ ថ្លែងជាមួយលោក Guterres លោកស្រី Von der Leyen បានថ្លែងអំណរគុណដល់អង្គការសហប្រជាជាតិ សម្រាប់ការងារដែលមិនចេះនឿយហត់ក្នុងការព្យាយាមបង្កើតដំណោះស្រាយ សម្រាប់ការនាំចេញគ្រាប់ធញ្ញជាតិអ៊ុយក្រែនតាមច្រកសមុទ្រខ្មៅ។
អ៊ុយក្រែនគឺជាប្រទេសនាំចេញស្រូវសាលី ពោត និងប្រេងផ្កាឈូករ័ត្នធំបំផុតមួយក្នុងចំណោមប្រទេសលើពិភពលោក ប៉ុន្តែការវាយលុករបស់រុស្ស៊ីបានបញ្ឈប់លំហូរនាំចេញភាគច្រើន ដែលបង្កហានីភ័យដល់ការផ្គត់ផ្គង់ស្បៀងអាហារដល់ប្រទេសកំពុងអភិវឌ្ឍន៍ជាច្រើន ជាពិសេសនៅទ្វីបអាហ្វ្រិក។ រដ្ឋាភិបាលអ៊ុយក្រែនបានលើកឡើងពីការបិទច្រករបស់កងទ័ពជើងទឹករុស្ស៊ីនៅកំពង់ផែរបស់ខ្លួន ខណៈដែលរុស្ស៊ីបានអះអាងថា គ្រាប់មីននៅសមុទ្រអ៊ុយក្រែនបានរារាំងសកម្មភាពសុវត្ថិភាពនៃការនាំចេញកសិផល៕
អត្ថបទ៖ ប៊ុនថន