បាល់ទាត់៖ ខ្សែប្រយុទ្ធក្លិបអេស្ប៉ាញ Athletic Bilbao, Inaki Williams បានសំរេចជ្រើសរើសប្រកួតតំណាងឱ្យក្រុមជំរើសជាតិហ្កាណា ជំនួសឱ្យប្រកួតឱ្យក្រុមជំរើសជាតិអេស្ប៉ាញ នេះបើតាមការបញ្ជាក់របស់សាមីខ្លួន។ កីឡាករវ័យ ២៨ឆ្នាំរូបនេះធ្លាប់ប្រកួតតំណាងឱ្យក្រុមជំរើសជាតិអេស្ប៉ាញអាយុក្រោម ២១ឆ្នាំ និងក្រុមធំពីមុនតាមរយៈដើមកំណើតកើតជានៅទឹកដីអេស្ប៉ាញ និងមានឪពុកម្តាយជាជនជាតិហ្កាណា។
Inaki Williams បានចូលរួមជាមួយក្លិបបាល់ទាត់ Athletic Bilbao តាំងពីឆ្នាំ២០១៤ បង្ហាញខ្លួនសរុបបាន ២៧២ប្រកួតរកបាន ៥៣គ្រាប់។ ប្រធានសមាគមបាល់ទាត់ហ្កាណាលោក Kurt Okraku ក៏បានបញ្ជាក់ដែរថា កីឡាកររបស់ក្រុម Brighton, Tariq Lamptey ក៏ត្រូវប្រកួតឱ្យក្រុមហ្កាណាដែរ ដោយពីមុនធ្លាប់ជាកីឡាករជំរើសជាតិអង់គ្លេសអាយុក្រោម ២១ ឆ្នាំ។ បើតាមច្បាប់របស់ FIFA កីឡាករអាចផ្លាស់ប្តូរសញ្ជាតិបាន ដើម្បីលេងឱ្យក្រុមជំរើសជាតិផ្សេង ប្រសិនបើពួកគេប្រកួតតំណាំងឱ្យក្រុមជំរើសជាតិដំបូងក្រោម ៣ប្រកួតនៅមុនអាយុ ២១ឆ្នាំ ហើយមិនដែលលេងនៅ World Cup រឺពានរង្វាន់ថ្នាក់ទ្វីបណាមួយ៕
អត្ថបទ៖នាង សុភាវុធ