ចក្រភពអង់គ្លេស៖ រដ្ឋមន្ត្រីការបរទេសរបស់ចក្រភពអង់គ្លេសលោកស្រី Liz Truss បានចាកចេញពីសណ្ឋាគារមួយនៅរមណីយដ្ឋានកោះបាលីប្រទេសឥណ្ឌូនេស៊ីនៅថ្ងៃសុក្រនេះ ដើម្បីត្រឡប់មកទីក្រុងឡុងដ៍ចក្រភពអង់គ្លេសវិញ ដើម្បីដោះស្រាយស្ថានភាពច្របូកច្របល់ នៃការលាលែងពីតំណែងរបស់នាយករដ្ឋមន្ត្រីលោក Boris Johnson។
លោកស្រីត្រូវបានគេឃើញឡើងជិះលើរថយន្តរបស់ស្ថានទូតអង់គ្លេស មុនពេលរថយន្តចូលទៅក្នុងក្បួនរថយន្តដែលអមដោយរថយន្តនគរបាល។ មានការរំពឹងទុកថា ស្ត្រីវ័យ 46ឆ្នាំរូបនេះអាចនឹងចាប់ផ្តើមបំណងសម្រាប់ការដឹកនាំរបស់គណបក្សអភិរក្សរបស់លោកស្រី បន្ទាប់ពីការលាលែងពីតំណែងរបស់លោក Johnson កាលពីថ្ងៃព្រហស្បតិ៍។ លោកស្រី Liz Truss បានចូលកាន់តំណែងជារដ្ឋមន្ត្រីការបរទេសកាលពីខែកញ្ញា បន្ទាប់ពីកាន់តំណែងជារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម។ លោកស្រីទទួលបានការគាំទ្រកាន់តែច្រើន នៅក្នុងចំណោមគណបក្សអភិរក្សនិយមរបស់លោកស្រីចាប់តាំងពីពេលនោះមក ហើយក៏គ្មានអ្វីជាអាថ៌កំបាំងនូវមហិច្ឆតារបស់លោកស្រីឡើយ។ លោកស្រី Truss មានប្រជាប្រិយភាពជាមួយក្រុមអ្នកអភិរក្សនិយមជាច្រើន ដែលមើលឃើញលំអានរបស់លោកស្រី Margaret Thatcher ជានាយករដ្ឋមន្ត្រីស្ត្រីដំបូងដែលស្រឡាញ់ទីផ្សារសេរី របស់គណបក្សនៅក្នុងក្រុមអ្នកនយោបាយ។
ការប្រកួតប្រជែងមេដឹកនាំគណបក្សអភិរក្សនិយម ត្រូវបានគេរំពឹងថានឹងប្រព្រឹត្តទៅនៅប៉ុន្មានសប្តាហ៍ខាងមុខនេះ។ ការប្រកួតប្រជែងដើម្បីជំនួសលោក Boris Johnson បានចាប់ផ្តើម បន្ទាប់ពីនាយករដ្ឋមន្ត្រីបានលាលែងពីតំណែងជាមេដឹកនាំគណបក្ស Tory ក្រោយមានភាពច្របូកច្របល់ប៉ុន្មានថ្ងៃថ្មីមកនេះ ដែលមើឃើញថាអំណាចរបស់លោកបានដួលរលំ។ លោក Johnson មានផែនការបន្តនៅជានាយករដ្ឋមន្ត្រី រហូតដល់អ្នកបន្តតំណែងថ្មីត្រូវបានជ្រើសរើសនៅក្នុងពេលប៉ុន្មានខែខាងមុខនេះ។ ទោះជាយ៉ាងណាសហការីជាច្រើន និងអ្នកនយោបាយប្រឆាំងមានបំណងឲ្យលោកចាកចេញនៅពេលនេះ៕
អត្ថបទ៖ ប៊ុនថន