វាយកូនបាល់៖ វគ្គផ្តាច់ព្រ័ត្រ Grand Slam, Wimbledon ផ្នែកនារីរកឃើញបេក្ខភាពហើយគឺកីឡាការិនីទុយនេស៊ី Ons Jabeur និងកីឡាការិនីកាហ្សាក់ស្ថាន Elena Rybakina ដែលនេះជាលើកដំបូងសំរាប់កីឡាការិនីទាំងពីរ។ Ons Jabeur បានក្លាយជាកីឡាការិនីអារ៉ាប់ទី១ ដែលឡើងវគ្គផ្តាច់ព្រ័ត្រក្រោយយកឈ្នះកីឡាការិនីអាល្លឺម៉ង់ Tatjana Maria ៦-២, ៣-៦ និង ៦-១។

Ons Jabeur បានក្លាយជាបេក្ខភាពប្រជែងជើងឯកក្នុងឆ្នាំនេះ បន្ទាប់ពីឈ្នះជើងឯកជាបន្តបន្ទាប់មុន Wimbledon មកដល់។ ឈរលេខ២ ពិភពលោកនាពេលបច្ចុប្បន្ន Ons Jabeur គឺជាកីឡាការិនីអាហ្វ្រិកទី១ ដែលឈានឡើងវគ្គផ្តាច់ព្រ័ត្រ Grand Slam តាំងពីឆ្នាំ១៩៦០ ដែលធ្វើបានដោយកីឡាការិនីអាហ្វ្រិកខាងត្បូង Sandra Reynolds។ ចំណែកឯកីឡាការិនី Elena Rybakina ក៏បានបង្កើតប្រវត្តិសាស្ត្រដែរ ដោយបានក្លាយជាកីឡាការិនីកាហ្សាក់ស្ថានទី១ ឡើងវគ្គផ្តាច់ព្រ័ត្រ Grand Slam ក្រោយជ័យជំនះលើអតីតជើងឯក Simona Halep ៦-៣ និង ៦-៣។ មានដើមកំណើតនៅទឹកដីរុស្ស៊ី Rybakina បានចាប់ផ្តើមប្រកួតតំណាងឱ្យប្រទេសកាហ្សាក់ស្ថាននៅឆ្នាំ២០១៨ បន្ទាប់ពីទទួលបានការគាំទ្រផ្នែកហិរញ្ញវត្ថុ ខណៈនៅពេលនេះក៏អាចនឹងក្លាយជាកីឡាការិនីកាហ្សាក់ស្ថានដំបូងផងដែរ ដែលឈ្នះជើងឯក Grand Slam។
Wimbledon បានហាមឃាត់មិនឱ្យកីឡាករ-កីឡាការិនីរុស្ស៊ី និងបេឡារុសចូលរួមការប្រកួតឡើយដោយសារតែ សង្គ្រាមលើអ៊ុយក្រែន ហើយជុំវិញបញ្ហានេះដែរ កីឡាការិនីដែលកើតនៅទីក្រុងមូស្គូរូបនេះអោយដឹងថា រូបគេបានប្រកួតតំណាងឱ្យប្រទេសកាហ្សាក់ស្ថានយូរមកហើយ ហើយក៏រីករាយនឹងបន្តដែរ ប្រជាជនកាហ្សាក់ស្ថានមានជំនឿចិត្តលើរូបនាង៕
អត្ថបទ៖នាង សុភាវុធ