ភ្នំពេញ ៖ លោកជំទាវ វេជ្ជបណ្ឌិត យក់ សម្បតិ្ត រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអៈអាងថាក្រសួងសុខាភិបាល រួមនឹងអង្គការដៃគូនានា បានកំណត់នូវអាទិភាពសំខាន់ៗ និងសកម្មភាពដែលធ្វើឲ្យមាននិរន្តរភាព ដើម្បីជំរុញបន្ថែមទៀតដល់ការលុបបំបាត់ជំងឺគ្រុនចាញ់កាន់តែមានសន្ទុះលឿន និងមានប្រសិទ្ធភាព។
ការថ្លែងរបស់លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បតិ្ត យ៉ាងដូច្នេះនាឱកាសអញ្ជើញបិទកិច្ចប្រជុំផ្សព្វផ្សាយ និងកំណត់អាទិភាពស្តីពី និរន្តរភាពរបស់កម្ពុជាក្នុងការឆ្លើយតប នឹងជំងឺគ្រុនចាញ់ នារសៀលថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២២នេះ(សិក្ខាសាលាខាងលើនេះធ្វើឡើងមានរយៈពេល០២ថ្ងៃ ចាប់ពីថ្ងៃទី៧-៨ ខែកក្កដា)។
ថ្លែងក្នុងពិធីបិទ អង្គប្រជុំផ្សព្វផ្សាយ និង កំណត់អាទិភាពស្តីពីនិរន្តភាពរបស់កម្ពុជា ក្នុងការឆ្លើយតបនឹងជំងឺគ្រុនចាញ់ និងដោយមានការអនុញ្ញាត្តិពីសំណាក់ឯកឧត្តមសាស្រ្តចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បតិ្ត មានប្រសាសន៍ថា៖ កិច្ចប្រជុំនេះមានសារៈសំខាន់ក្នុងការចាប់ផ្តើមធ្វើការជាមួយគ្នា ដើម្បីធានានូវនិរន្តភាព របស់កម្ពុជាក្នុងការឆ្លើយតបនឹងជំងឺគ្រុនចាញ់ ដែលជាកិច្ចខំប្រឹងប្រែងដ៏យូរអង្វែង នឹងតម្រូវអោយមានការសម្របសម្រួលយ៉ាងជិតស្និតក្នុងការធ្វើផែនការបច្ចេកទេស និងថវិកា ដោយធ្វើការរួមបញ្ចូលជាមួយក្រសួងពាក់ព័ន្ធនានា ក្នុងការបង្ការការវិលត្រឡប់មកវិញនៃជំងឺគ្រុនចាញ់។ អ្នកស្ម័គ្រចិត្តភូមិព្យាបាលជំងឺគ្រុនចាញ់ដើរតួនាទីសំខាន់នៅក្នុងសហគមន៍ក្នុងការឈានទៅលុបបំបាត់ជំងឺគ្រុនចាញ់។
ក្នុងឱកាសនោះដែរ លោកជំទាវ វេជ្ជបណ្ឌិត យក់ សម្បតិ្ត បានផ្តល់ជាអនុសាសន៍៖ តួនាទីរបស់ថ្នាក់ដឹកនាំក្រោមជាតិ មានតួនាទីសំខាន់ក្នុងការកំណត់អាទិភាព ក្នុងការណែនាំ និងគាំទ្រចំពោះការលុបបំបាត់ជំងឺគ្រុនចាញ់ និងការបង្ការការវិលត្រឡប់វិញនៃជំងឺគ្រុនចាញ់ក្នុងរយះពេលវែង។ យើងត្រូវមានការប្រុងប្រយ័ត្នក្នុងការធ្វើការសម្រេចចិត្តអំពីតួនាទីគ្រប់គ្រងរបស់អ្នកស្ម័គ្រចិត្តភូមិព្យាបាលជំងឺគ្រុនចាញ់ ក្នុងបរិបទ នៃការកើនឡើងនូវសមាហរកម្ម និងវិមជ្ឈការប្រព័ន្ធសុខាភិបាល។ ចំពោះការបង្កើតយុទ្ធសាស្រ្តយូរអង្វែង សម្រាប់ប្រព័ន្ធតាមដានជំងឺ គឺជាការសម្រេចដ៏សំខាន់មួយ ដោយធានាអោយបាននូវគុណភាព និងភាពជឿជាក់ នៃទិន្នន័យ តាមរយៈធ្វើការបណ្តុះបណ្តាល និងការកសាងសមត្ថភាព ដល់អ្នកអនុវត្តន៍។
សូមបញ្ជាក់ផងដែរថា ក្នុងពិធីបិទកិច្ចប្រជុំផ្សព្វផ្សាយនេះ មានវត្តមាន ចូលរួមពីសំណាក់លោកជំទាវរដ្ឋលេខាធិការ ក្រសួងសុខាភិបាល ក្រសួងមហាផ្ទៃ អគ្គនាយកបច្ចេកទេស និងអគ្គនាយកហិរញ្ញវត្ថុ របស់ក្រសួងសុខាភិបាល អភិបាលរងខេត្ត អាជ្ញាធរជាតិប្រយុទ្ធ នឹងជំងឺអេដស៍ មន្ទីរសុខាភិបាលខេត្តមជ្ឈមណ្ឌលជាតិប្រយុទ្ធ នឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្រ្ត និងបាណកសាស្រ្ត លោក-លោកស្រីតំណាង មជ្ឈមណ្ឌលជាតិ តំណាងក្រសួងមន្ទីរនានា តំណាងដៃគូអភិវឌ្ឍសុខាភិបាល និងសម្ព័ន្ធភាពថ្នាក់ដឹកនាំអាស៊ីប៉ាស៊ីហ្វិក សំរាប់ជំងឺគ្រុនចាញ់(APLMA) សាកលវិទ្យាល័យកាលីហ្វរនីញ៉ា ទីក្រុងសង់ហ្រ្វង់ស៊ីស្កូ )UCSF) អង្គការសុខភាពពិភពលោក (WHO) មូលនិធិសកល(GF) ការិយាល័យសហប្រជាជាតិសំរាប់សេវាគាំទ្រ)UNOPS) គំនិតផ្តួចផ្តើមជំងឺគ្រុនចាញ់របស់ប្រធានាធិបតីសហរដ្ឋអាមេរិក)PMI) គំនិតផ្តួចផ្តើមសុខភាពគ្លីនតុន(CHAI) សរុបចំនួនប្រមាណ១០០រូប ៕ អត្ថបទ ៖ រដ្ឋា








