
ភ្នំពេញ៖ វិបត្តិសកលដែលបានកំពុងអូសបន្លាយ បណ្តាលឲ្យប្រេងឥន្ធនៈ និងហ្គាសឡើងថ្លៃ វាគឺជាឱកាសមួយសម្រាប់ កម្ពុជា ក្នុងការផលិត និងកែច្នៃលើវិស័យកសិកម្ម សម្រាប់បម្រើការងារនាំចេញ ខណៈកម្ពុជានៅមានកំលាំង ពលកម្មច្រើន កំពុងធ្វើការនៅលើផ្នែកនេះ និងស្របពេលកម្ពុជាមានទីផ្សារសម្រាប់នាំចេញស្រាប់ តាមរយៈនៃកិច្ច ព្រមព្រៀង និងការអនុគ្រោះផ្សេងៗ។
ឯកឧត្តមបណ្ឌិត តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាអគ្គនាយករងក្រុមហ៊ុន ម៉ុងរិទ្ធីគ្រុប លើកឡើងនៅក្នុងកិច្ចសម្ភាសន៍ជាមួយភ្នាក់ងារអ្នកយកព័ត៌មាន ស្តីពីទីផ្សារវិស័យកសិកម្ម នៅថ្ងៃទី៧ ខែ កក្កដា ឆ្នាំ ២០២២ នេះថា មកដល់ពេលនេះ រាជរដ្ឋាភិបាលបានបង្កើតនូវគោលនយោបាយថ្មីៗជាច្រើន ទាំងវិស័យឧស្សាហកម្ម និងកសិកម្ម ក្នុងនោះសម្រាប់ការនាំចេញផលិតផលក្នុងវិស័យកសិកម្ម យើងសង្កេតឃើញមាន បញ្ហាជាច្រើនដូចជា៖ ការនាំចេញផ្លែឈើស្រស់ បន្លែស្រស់ វាអាចជួបញ្ហាជាច្រើន ទាំងការរក្សាទុក និងការដឹក ជញ្ជូនជាដើម។
ក្នុងស្មារតីលើកកម្ពស់ផលិតផលកសិកម្មនេះ, រាជរដ្ឋាភិបាលបានលើកទឹកចិត្តទៅដល់ឧស្សាហកម្មកែច្នៃ ដើម្បីបម្រើទីផ្សារនាំចេញ ព្រោះការកែច្នៃយើងអាចរក្សាទុកបានយូរ និងស្រួលក្នុងការដឹកជញ្ជូន ដោយកម្ពុជាអាចដឹកជញ្ជូនតាមផ្លូវទឹក គឺអាចកាត់បន្ថយចំណាយបានច្រើន ជាងការដឹកជញ្ជូនតាមជើងយន្តហោះ។
ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានជម្រុញឲ្យក្រុមការងារផ្ដោតទៅលើការសិក្សាលើមុខ ទំនិញអាទិភាពចំនួន ១០មុខមុនគេ រួមមាន៖ ស្រូវអង្ករ, ដំឡូងមី, ចេក, មៀនប៉ៃលិន, ស្វាយ, ស្វាយចន្ទី, សាច់, កៅស៊ូធម្មជាតិ, ម្នាស់ និងម្រេច ដើម្បីការទាក់ទាញអ្នកវិនិយោគធ្វើជាមូលដ្ឋាន ធ្វើការសិក្សាស្រាវជ្រាវ និងធ្វើជាគំរូសម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីផ្សេងៗទៀត៕ អត្ថបទ៖ សុន រ៉ាឌី