ភ្នំពេញ៖ នៅវិមានរដ្ឋសភានាព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ នៃរដ្ឋសភា និងជាប្រធានគណៈកម្មការរៀបចំមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៣ (AIPA) បានដឹកនាំប្រជុំពិនិត្យពីវឌ្ឍនភាពការងារត្រៀមរៀបចំមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៣ (AIPA)ដោយមានការអញ្ជើញចូលរួមពី លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភា ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា នៃគណៈកម្មការរៀបចំមហាសន្និបាតអន្តរសភាអាស៊ានអាយប៉ាលើកទី៤៣ (AIPA) ក្រុមប្រឹក្សាពិគ្រោះយោបល់ និងក្រុមលេខាធិការដ្ឋានអាយប៉ា។
កិច្ចប្រជុំនេះពិនិត្យលើរបៀបវារៈរួមមាន ពិនិត្យ និងពិភាក្សាលើមូលបទ និងសេចក្តីព្រាងរបៀបវារៈសម្រាប់មហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៣ (AIPA) ពិនិត្យសេចក្តីព្រាងលើរបាយការណ៍ របស់គណៈកម្មការរៀបចំជូនសម្តេចប្រធានព្រឹទ្ធសភា សម្តេចប្រធានរដ្ឋសភា និងបញ្ហាផ្សេងៗ។
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ នៃរដ្ឋសភា បានមានប្រសាសន៍ថា កិច្ចប្រជុំនាថ្ងៃនេះ គឺដើម្បីពិនិត្យឡើងវិញ និងពិភាក្សាលើមូលបទ និងសេចក្តីព្រាងរបៀបវារៈសម្រាប់មហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៣ (AIPA) និងសេចក្តីព្រាងលើរបាយការណ៍ របស់គណៈកម្មការរៀបចំជូនសម្តេចប្រធានព្រឹទ្ធសភា សម្តេចប្រធានរដ្ឋសភា។
ឯកឧត្តម បានបន្តថាចំពោះមូលបទ និងសេចក្តីព្រាងរបៀបវារៈសម្រាប់មហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៣ (AIPA) ដោយមិនទាន់អនុម័តយកជាផ្លូវការនៅឡើយដោយរង់ចាំការជជែកពិភាក្សាគ្នាម្តងទៀតរវាងអគ្គលេធិការដ្ឋានអាយប៉ា និងឯកឧត្តម សួស យ៉ារ៉ា ប្រធានក្រុមកាងារខ្លឹមសារ និងឯកឧត្តម ហ៊ុន ម៉ានី ប្រធានក្រុមការងារសមាជិកសភាវ័យក្មេងរបស់អាយប៉ា ព្រមទំាងក្រុមប្រឹក្សាពិគ្រោះយោបល់ជជែកគ្នាឡើងវិញ នៅថ្ងៃទី២២ខែកក្កដា ឆ្នាំ២០២២ ដើម្បីធ្វើយ៉ាងណាអោយស្របតាមលក្ខន្តិកៈអាយប៉ា។
ឯកឧត្តម បានបន្ថែមថា ឯកឧត្តម ស្នើអោយអគ្គលេខាធិការអាយប៉ាពិនិត្យនិតិវិធីក្នុងការបញ្ចូលសភាប្រទេសសហរដ្ឋអាមេរិកជាសភាសង្កេតការណ៍អាយប៉ាលើកទី៤៣ ធ្វើយ៉ាងណាអោយស្របទៅតាមធម្មនុញ្ញនិងលក្ខន្តិកៈអាយប៉ា។
ដោយឡែកសេចក្តីព្រាងលើរបាយការណ៍ របស់គណៈកម្មការរៀបចំជូនសម្តេចប្រធានព្រឹទ្ធសភា សម្តេចប្រធានរដ្ឋសភា ក៏ដូចជាសម្តេចនាយករដ្ឋមន្រ្តិត្រូវរៀបចំអោយបានសមស្របនិងទាន់ពេលវេលាផ្ញើរជូនថ្នាក់ដឹកនាំ។
ឯកឧត្តម ក៏ថ្លែងអំណរគុណផងដែរដល់ឯកឧត្តម លោកជំទាវ និងក្រសួងពាក់ព័ន្ធទាំងអស់ដែលបានចូលរួមមិតិយោបល់ល្អៗលើមូលបទ និងសេចក្តីព្រាងរបៀបវារៈសម្រាប់មហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៣ (AIPA) អោយបានស្របទៅតាមសភាពការណ៍និងបរិបទសង្គមនាពេលបច្ចុប្បន្ន និង អោយស្របគ្នាទៅតាមកិច្ចប្រជុំអាស៊ានផងដែរ៕