អឺរ៉ុប៖ ក្រុមមេដឹកនាំនៃប្រទេសចំនួន ២៣ និងអង្គការសុខភាពពិភពលោក (WHO) នៅថ្ងៃអង្គារ ទី៣០ ខែមីនា បានគាំទ្រគំនិតបង្កើតសន្ធិសញ្ញាអន្តរជាតិមួយ ដែលនឹងជួយពិភពលោកក្នុងការដោះស្រាយផ្នែកសុខភាពនាពេលអនាគត ដូចជាជំងឺរាតត្បាតសកល COVID-19 ជាដើមដែលកំពុងរាលដាលពាសពេញពិភពលោក។
គំនិតនៃសន្ធិសញ្ញាមួយដែលនឹងធានា បាននូវការទទួលបានវ៉ាក់សាំងបង្ការ ឱសថ និងការធ្វើរោគវិនិច្ឆ័យជំងឺរាតត្បាតជាសកល និងស្មើភាពគ្នា ត្រូវបានបង្ហាញដោយប្រធាននៃថ្នាក់ដឹកនាំសហភាពអឺរ៉ុបលោក Charles Michel នៅក្នុងកិច្ចប្រជុំកំពូល G20 កាលពីខែវិច្ឆិកា។ នៅថ្ងៃអង្គារនេះគំនិតនៃបង្កើតសន្ធិសញ្ញានេះ ទទួលបានការគាំទ្រជាផ្លូវការពីក្រុមមេដឹកនាំជាច្រើន ដូចជាប្រទេសអាល់បានី, ឈីលី, កូស្តារី, កាហ្វីជី, បារាំង, អាល្លឺម៉ង់, ក្រិក, ឥណ្ឌូណេស៊ី, កេនយ៉ា, ហូឡង់, ន័រវែស, ព័រទុយហ្កាល់, រូម៉ានី, រ្វ៉ាន់ដា, សេណេហ្គាល់, ស៊ែប៊ី, អាហ្វ្រិកខាងត្បូង, កូរ៉េខាងត្បូង, អេស្ប៉ាញ, ទ្រីនីដាដ និងតូបាហ្គូ, ទុយនីស៊ី, អ៊ុយក្រែន, ចក្រភពអង់គ្លេស និងអង្គការសុខភាពពិភពលោក។ សន្ធិសញ្ញានេះក៏បញ្ជាក់ផងដែរថា សុខភាពមនុស្សសត្វ និងភពផែនដីសុទ្ធតែមានទំនាក់ទំនងគ្នា ហើយគួរតែនាំទៅរកការទទួលខុសត្រូវរួមគ្នា តម្លាភាព និងកិច្ចសហប្រតិបត្តិការសកល៕
អត្ថបទ៖ សុខមាន