
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ថ្លែងសារពិសេសនៅព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២២ ចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំបំផុត និងប្រកាសអោយប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសកាន់ទុក្ខផ្លូវការរយៈពេល១ថ្ងៃ ចំពោះមរណភាពឯកឧត្តម ស៊ីនហ្សូ អាបេ អតីតនាយករដ្ឋមន្ត្រីជប៉ុន គឺនៅថ្ងៃអាទិត្យទី១០ ខែកក្កដា ឆ្នាំ២០២ និងបង្ហូតទង់ជាតិពាក់កណ្តាលដង។
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា មរណភាពរបស់ឯកឧត្តម ស៊ិនហ្សូ អាបេ មិនត្រឹមតែជាការបាត់បង់ ការតក់ស្លុតរន្ធត់ និងអាឡោះអាល័យសម្រាប់តែប្រជាពលរដ្ឋជប៉ុនប៉ុណ្ណោះ តែក៏ជាក្តីរន្ធត់ ក្តីសោកស្តាយ សម្រាប់ប្រជាពលរដ្ឋកម្ពុជា និងប្រជាជនពិភពលោកផងដែរ។
ក្នុងមនោសញ្ចេតនាដ៏ជ្រាលជ្រៅ និងស្និទ្ធស្នាលបំផុតរវាងរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ជាមួយឯកឧត្តម ស៊ីនហ្សូអាបេ អតីតនាយករដ្ឋមន្ត្រីជប៉ុន សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា អាបេ បានប្រឹងប្រែងយ៉ាងខ្លាំងជំរុញទំនាក់ទំនងរវាងជប៉ុន និងកម្ពុជា រហូតក្លាយទៅជាដៃគូយុទ្ធសាស្ត្រនៅឆ្នាំ២០១៣។ អាបេ បានជំរុញនូវការផ្តល់ជំនួយគាំទ្រដល់ការអភិវឌ្ឍគ្រប់វិស័យនៅកម្ពុជា រួមទាំងហេដ្ឋារចនាសម្ព័ន្ធផងដែរ៕


