សហរដ្ឋអាមេរិក៖ ខណៈសម្តែងការគោរពដល់អតីតនាយករដ្ឋមន្ត្រីជប៉ុនលោក Shinzo Abe ពីសំណាក់មេដឹកនាំពិភពលោក ដោយមេដឹកនាំជាច្រើនបានសម្តែងភាពតក់ស្លុត និងទុក្ខព្រួយ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានសរសើរលោក Abe ដោយថ្លែងថា ចក្ខុវិស័យរបស់លោកអំពីតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក សេរី និងបើកចំហនឹងនៅឋិតថេរ។ លើសពីនេះលោកបានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះប្រជាជនជប៉ុន និងលះបង់ជីវិតដើម្បីបម្រើប្រជាជន។
លោក Biden បានឈប់ចតនៅស្ថានឯកអគ្គរដ្ឋទូតជប៉ុនក្នុងទីក្រុងវ៉ាស៊ីនតោន ដើម្បីគោរពវិញ្ញាណក្ខន្ធ និងចុះហត្ថលេខាលើសៀវភៅរំលែកទុក្ខ។ លោក Abe ត្រូវបានគេធ្វើឃាតកាលពីថ្ងៃសុក្រនៅភាគខាងលិចប្រទេសជប៉ុន ដោយខ្មាន់កាំភ្លើងបានបាញ់ប្រហារលោកពីខាងក្រោយ ក្នុងពេលកំពុងថ្លែងសុន្ទរកថាក្នុងយុទ្ធនាការបោះឆ្នោត ជាការវាយប្រហារដែលបានធ្វើឱ្យប្រទេសមួយនេះភ្ញាក់ផ្អើល ខណៈមានច្បាប់គ្រប់គ្រងកាំភ្លើងតឹងរ៉ឹងបំផុតនៅគ្រប់ទីកន្លែង។ ជាមួយគ្នានេះលោក Biden បានសន្ទនាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីជប៉ុនលោក Kishida Fumio និងបានចូលរួមរំលែកទុក្ខចំពោះមរណភាពរបស់លោក Abe អតីតនាយករដ្ឋមន្ត្រីជប៉ុន។
មេដឹកនាំទាំងពីរបានសន្ទនាតាមទូរស័ព្ទរយៈពេល ១០នាទីនៅម៉ោង ៨ព្រឹកថ្ងៃសៅរ៍នេះម៉ោងក្នុងប្រទេសជប៉ុន។ លោក Biden ដែលកំពុងដោះស្រាយការបាញ់ប្រហារ កើតមានជាច្រើននៅសហរដ្ឋអាមេរិកបាននិយាយថា ការពិត រឿងមួយនេះបានធ្វើឱ្យខ្ញុំចាប់អារម្មណ៍ថា នេះជាការប្រើប្រាស់អាវុធលើកដំបូងដើម្បីសម្លាប់មនុស្សនៅប្រទេសជប៉ុន៕
អត្ថបទ៖ ប៊ុនថន