អឺរ៉ុប៖ ប្រធានបណ្ដាញអយស្ម័យយានអាល្លឺម៉ង់បានប្រកាសកាលពីថ្ងៃសុក្រថា ប្រធានក្រុមហ៊ុនអយស្ម័យយានអឺរ៉ុបចំនួន ៣០ក្រុមហ៊ុនបានព្រមព្រៀងជួយសាងសង់ផ្លូវរថភ្លើងរបស់ប្រទេសអ៊ុយក្រែនឡើងវិញ ដោយមានការគាំទ្រផ្នែកបច្ចេកទេស និងការដឹកជញ្ជូន។

ថ្លែងនៅក្នុងកិច្ចប្រជុំស្តីពីអយស្ម័យយានអឺរ៉ុបនៅទីក្រុងវីយែនប្រទេសអូទ្រីស នាយកប្រតិបត្តិក្រុមហ៊ុន Deutsche Bahn លោក Richard Lutz បាននិយាយថា ប្រព័ន្ធផ្លូវរថភ្លើងដែលធ្វើប្រតិបត្តិការគឺជាគន្លឹះសំខាន់ សម្រាប់ការសាងសង់ឡើងវិញរបស់អ៊ុយក្រែនក្នុងពេលមានការវាយលុករបស់រុស្ស៊ី។ លោក Richard Lutz និយាយថា យើងសន្យាផ្តល់ឧបករណ៍បច្ចេកទេសផ្លូវរថភ្លើង និងគ្រឿងបន្លាស់បន្ទាន់នៅគ្រប់ទីកន្លែងដែលត្រូវការ និងដើម្បីគាំទ្រដល់ Ukrainian Railways ជាក្រុមហ៊ុនផ្លូវរថភ្លើងរដ្ឋ ក្នុងកិច្ចប្រឹងប្រែងរាល់ថ្ងៃរបស់ពួកគេក្នុងការជួយសង្គ្រោះជីវិតមនុស្ស។ យោងតាមសេចក្តីប្រកាសរបស់ប្រទេសអ៊ុយក្រែន ដែលមិនទាន់បានចុះហត្ថលេខាជាមួយក្រុមហ៊ុនអយស្ម័យយានអឺរ៉ុប ប្រទេសអ៊ុយក្រែននឹងផ្លាស់ប្តូរបណ្តាញផ្លូវរថភ្លើងរបស់ខ្លួន ទៅរកស្តង់ដារសហភាពអឺរ៉ុប។ លោក Lutz បាននិយាយថា ការធ្វើសមាហរណកម្មរបស់ប្រទេសអ៊ុយក្រែនទៅក្នុងបណ្តាញផ្លូវរថភ្លើងអឺរ៉ុប គួរតែត្រូវបានជួយដោយស្ថាប័នអឺរ៉ុបដោយអំពាវនាវឱ្យមានបណ្តាញផ្លូវរថភ្លើងឆ្លងអឺរ៉ុប ឆ្លងកាត់ដែលតភ្ជាប់បណ្តាញផ្លូវរថភ្លើងសហភាពអឺរ៉ុបជាមួយប្រទេសអ៊ុយក្រែន និងម៉ុលដូវ៉ា៕
អត្ថបទ៖ ប៊ុនថន