បាល់ទាត់៖ ក្រុមកំពូលតារាង Manchester City បានប្រកាសផ្លូវការហើយពីការចាកចេញរបស់ខ្សែប្រយុទ្ធ ដែលស៊ុតបញ្ចូលទីច្រើនជាងគេរបស់ក្លិប កីឡាករអាហ្សង់ទីន Sergio Aguero នៅដំណាច់រដូវកាលនេះ។ កីឡាករវ័យ ៣២ឆ្នាំរូបនេះ នឹងអស់សុពលភាពកិច្ចសន្យាក្រោយចប់រដូវកាលនេះ ហើយក៏មិនមានការចរចាលើកិច្ចសន្យាថ្មីអ្វីដែរ។

ខ្សែប្រយុទ្ធអាហ្សង់ទីនដែលទិញពីក្លិបអេស្ប៉ាញ Atletico Madrid តាំងពីឆ្នាំ២០១១ រូបនេះស៊ុតបញ្ចូលទីបានសរុប ២៥៧គ្រាប់ក្នុងការបង្ហាញខ្លួន ៣៨៤ប្រកួត ដែលក្នុងនោះមាន ១៨១គ្រាប់នៅ Premier League។ ឈ្មោះរបស់កីឡាករអាហ្សង់ទីនរូបនេះ ត្រូវបានក្លិបចាត់ទុកជាវីរបុរសទៅហើយ ខណៈក្លិបក៏បានប្រកាសថា រូបសំណាក Aguero នឹងត្រូវបានធ្វើឡើងនៅក្នុងកីឡដ្ឋាន Etihad ផងដែរបន្ទាប់ពីអតីតប្រធានក្រុម Vincent Kompany និងកីឡាករនាំលេងអេស្ប៉ាញ David Silva ដែលចាកចេញនៅឆ្នាំ២០១៩ និង ២០២០ បន្តបន្ទាប់គ្នា។ កីឡាករទាំង ៣នាក់បានរួមចំណែកយ៉ាងធំធេងក្នុងជ័យជំនះរបស់ Manchester City កន្លងមក ដែលក្នុងនោះ Aguero គឺជាអ្នកស៊ុតបញ្ចូលទីគ្រាប់ចុងម៉ោងយកឈ្នះ QPR កាលពីឆ្នាំ២០១២ ជួយ Manchester City លើកពាន English Premier League លើកដំបូងក្នុងរយៈពេល ៤៤ឆ្នាំ។
ក្រោយមក Aguero បានជួយក្រុមឈ្នះជើងឯក English Premier League ៣ដងទៀត និង FA Cup ម្តងក៏ដូចជា League Cup ៥ដង។ សូមបញ្ជាក់ថា Sergio Aguero ស៊ុតបញ្ចូលទីនៅ Premier League ១៨១គ្រាប់គឺជាកីឡាករទី៤ ក្នុងប្រវត្តិសាស្ត្របាល់ទាត់អង់គ្លេស English Premier League ដែលស៊ុតបញ្ចូលទីច្រើនជាងគេបន្ទាប់ពី Alan Shearer ២៦០គ្រាប់, Wayne Rooney ២០៨គ្រាប់ និង Andrew Cole ១៨៧គ្រាប់៕
អត្ថបទ៖នាង សុភាវុធ