ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២នេះ បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយការដាក់ឲ្យអនុវត្តរបបសន្តិសុខសង្គមផ្នែកប្រាក់សោធនសម្រាប់បុគ្គលទាំងឡាយដែលស្ថិតនៅក្រោមបទប្បញត្តិនៃច្បាប់ស្តីពីការងារនៅទីស្តីការក្រសួង។
កិច្ចប្រជុំនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ឯកឧត្តមអ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃបេឡាជាតិរបបសន្តិសុខសង្គម។
សូមបញ្ជាក់ របបប្រាក់សោធន នឹងផ្តល់ឲ្យបុគ្គលិកក្នុងវិស័យឯកជន អាចទទួលបានអត្ថប្រយោជន៍របបនេះ ដូចនឹងបុគ្គលិកក្នុងវិស័យរដ្ឋដែរ។ លើសពីនេះទៀត គឺអនុវត្តចំពោះបុគ្គលទាំងឡាយណាដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ ដោយរាប់បញ្ចូលទាំងបុគ្គលដែលធ្វើការចាប់ពី ២កន្លែងឡើងទៅ។ សម្រាប់ការបង់ភាគលើរបបប្រាក់សោធននេះ សម្រាប់រយៈពេល ៥ឆ្នាំដំបូង ត្រូវកំណត់ក្នុងអត្រាស្មើនឹង ៤ភាគរយ នៃប្រាក់ឈ្នួលជាប់ភាគទាន។ ក្នុងនោះ ២ភាគរយ ជាបន្ទុកនិយោជក និង ២ភាគរយ ជាបន្ទុកកម្មករនិយោជិត។ ការបង់ភាគទានផ្នែកប្រាក់សោធនត្រូវធ្វើជាប្រចាំខែ៕




