
ភ្នំពេញ ៖ ក្នុងខណៈអញ្ជើញថ្លែងសុន្ទរកថាបើកកិច្ចប្រជុំក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ានប៉ារ៉ា និងក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ នៅសណ្ឋាគារសុខាភ្នំពេញព្រឹកថ្ងៃទី១១ ខែកក្កដានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានអញ្ជើញថ្លែងសុន្ទរកថាដោយគូសបញ្ជាក់ថា សម្តេចធ្លាប់បានលើកឡើងហើយថានយោបាយគ្មានស្តង់ដារពិតប្រាកដទេ តែកីឡាមានស្តង់ដារសកលពិតប្រាកដ។
សម្តេចថាកីឡាមានច្បាប់កីឡាតែ១ បទបញ្ជាប្រកួតតែ១។
សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍បន្តថា ដើម្បីត្រៀមធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍កីឡាដ៏ធំជាប្រវត្តិសាស្រ្តនេះឲ្យទទួលបានជោគជ័យខ្ពស់ សម្ដេចបានដាក់ចេញនូវគោលការណ៍និងអនុសាសន៍គន្លឹះមួយចំនួនដូចជា គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេមនិងអាស៊ានប៉ារ៉ាហ្គេមឆ្នាំ ២០២៣ ត្រូវយកចិត្តទុកដាក់លើគ្រប់មុខសញ្ញា គ្រប់គ្រងព្រឹត្តិការណ៍សំខាន់ៗអោយបានរួចរាល់ និងទាន់ពេលជាពិសេសការងារដែលត្រូវការពេលយូរ ត្រូវចាប់ផ្ដើមពីពេលនេះតទៅ ដូចជាការជួសជុលកែលម្អទីលានប្រកួត រៀបចំប្រព័ន្ធគ្រប់គ្រងបច្ចេកវិទ្យាជីអឹមអេស ការរៀបចំពិធីបើកនិងពិធីបិទព្រមទាំងការរៀបចំកន្លែងស្នាក់នៅហូបចុកនិងដឹកជញ្ជូនជាដើម។ ជាមួយនេះ ត្រូវជំរុញឲ្យបានខ្លាំង ថែមទៀត ក្នុងការអភិរក្សកម្រិតបច្ចេកទេស កីឡារួមទាំងកីឡាបុក្កតោខ្មែរនិងកីឡាយុទ្ធគុនឥណ្ឌូណេស៊ីដែលទទួលបានការឯកភាពជួយពីឯកឧត្តមរដ្ឋមន្ត្រីការពារជាតិនៃប្រទេសឥណ្ឌូនេស៊ីនិងកីឡាយូដូរពីអតីតឯកឧត្តមឯកអគ្គរដ្ឋទូតជប៉ុន។
គួរបញ្ជាក់ថា កិច្ចប្រជុំក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ លើកទី២ SEAGF Council Meeting ប្រព្រឹត្តទៅនៅ ថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ មានប្រទេសចូលរួមចំនួន១១ប្រទេស មានប្រតិភូចូលរួមប្រជុំ ប្រមាណចំនួន១០០នាក់។
កិច្ចប្រជុំយកចិត្តទុកដាក់ទៅលើការអនុម័តលើប្រភេទកីឡា និងការលក់សិទ្ធិ ទូរទស្សន៍ និងការកែសម្រួលធម្មនុញ្ញសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ឱ្យស្របទៅនឹងនិន្នាការរបស់ប្រទេស កម្ពុជា ដែលជាឱកាសផ្ដល់ឱ្យប្រទេសជាសមាជិកទាំងអស់ និងសមាសជិកក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ី អាគ្នេយ៍ បានធ្វើការសង្កេតការណ៍ទៅលើហេដ្ឋារចនាសម្ព័ន្ធទីលានប្រកួតកីឡាទៅតាមស្តង់ដារលក្ខណៈ បច្ចេកទេសអន្តរជាតិ ជាពេលវេលាដែលយើងអាចបង្ហាញទៅគ្រប់សមាជិកទាំងអស់ កម្ពុជាបានបោះ ជំហានលើផ្លូវត្រឹមត្រូវ គោរពតាមស្តង់ដារកីឡាអន្តរជាតិជានិច្ច ដើម្បីឱ្យការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមទទួល បានជោគជ័យ៕
